(ភ្នំពេញ)៖ លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ បានព្រមានទៅកាន់ប្រជាពលរដ្ឋ ៤គ្រួសារ មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ដែលមិនទាន់បានកាត់តម្រឹមផ្ទះត្រឹមត្រូវនោះ សូមឲ្យរុះរើជាបន្ទាន់ បើមិនដូច្នេះទេ អាជ្ញាធរខណ្ឌនឹងចាត់វិធានការរដ្ឋបាលចុះកាត់តម្រឹម ហើយនឹងប្តឹងទៅកាន់តុលាការ ឲ្យចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកដែលប្រព្រឹត្តខុសនឹងកិច្ចសន្យា របស់គណៈកម្មការអន្តរក្រសួង។
ការព្រមានរបស់លោក អ៊ាង ស៊ីផាន នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះ នាសាលប្រជុំសាលាខណ្ឌច្បារអំពៅ ជាមួយប្រជាពលរដ្ឋ៤គ្រួសារ ដែលបានទទួលយកសំណងថវិកាផលប៉ះពាល់ផ្ទះសម្បែងពីរដ្ឋហើយនោះ តែមិនព្រមធ្វើការរុះរើតាមកិច្ចសន្យាបានត្រឹមត្រូវ។
សូមបញ្ជាក់ថា រយះកាលកន្លងមក ក្រុមការងារអន្តរក្រសួង រួមជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ បានខិតខំដោះស្រាយសម្របសម្រួលជាមួយ ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន អមសងខាងផ្លូវជាតិលេខ១ ដែលទទួលសំណងរបស់រាជរដ្ឋាភិបាលកម្ពុជារួចហើយ ធ្វើការកាត់តម្រឹមលំនៅដ្ឋានឲ្យបានត្រឹមត្រូវ តាមការកំណត់ពីអ័ក្សផ្លូវ២០ម៉ែត្រ ក្នុងនោះជាលទ្ធផល ក្រុមការងារបានដោះស្រាយនូវបញ្ហាប្រឈមធំៗជាច្រើន ដូចជា ករណីលំនៅដ្ឋាន១៨ទីតាំង ដែលមានវេរង់ដាផ្ទះប៉ះពាល់ដល់ការដាំបង្គោលអគ្គិសនី មិនអាចដាំបាន គឺបានសំអាត់រួចរាល់, ស្ថានីយ៍ប្រេង Total ក៏បានសំអាតរួចរាល់, ផ្ទះ០២ល្វែង នៅកែងផ្លូវចូលសាលាខណ្ឌ ដែលមិនព្រមទទួលសំណងរបស់រដ្ឋាភិបាល ក៏បានសំអាតរួចរាល់, សាលាបអន្តរជាតិប៊ែលធី បានកាត់តម្រឹមរួច ដោយឡែក នៅសល់តែទីតាំង៤គ្រួសារទៀតតែប៉ុណ្ណោះ ដែលម្ចាស់ផ្ទះមិនព្រមអនុវត្តតាមកិច្ចសន្យា និងបដិសេធមិនព្រមអនុវត្តទោះបីជាអាជ្ញាធរ បានអញ្ជើញមកប្រជុំណែនាំ និងចេញសេចក្តីជូនដំណឹងជាច្រើនលើកច្រើនសារ យ៉ាងណាក៏ដោយ។
លោក អ៊ាង ស៊ីផាន ក្នុងកិច្ចប្រជុំបន្ទាន់នេះ បានបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋ០៤គ្រួសារ ដែលមិនព្រមរុះរើ និងកាត់តម្រឹមតាមការកំណត់របស់អន្តរក្រសួង ជាលើកចុងក្រោយថា «បើនៅតែមិនព្រមអនុវត្ត កាត់តម្រឹមដោយខ្លួនឯងទៀតនោះ អាជ្ញាធរនឹងចុះអនុវត្តផ្ទាល់តែម្តង និងកសាងសំណុំរឿងទៅតុលាការប្តឹងទាមទារសំណងតាមផ្លូវច្បាប់។ ហើយនេះជាជម្រើសចុងក្រោយរបស់អាជ្ញាធរដែលត្រូវធ្វើ ប៉ុន្តែប្រសិនបងប្អូនមិនចង់ឡើងតុលាការនោះទេ សូមធ្វើការរុះរើដោយខ្លួនឯងជាបន្ទាន់»។
បើតាមការបញ្ជាក់របស់លោក ប៊ូ វឌ្ឍនា នាយករងរដ្ឋបាល ដែលចុះការដ្ឋានផ្ទាល់បានឲ្យដឹងថា ប្រជាពលរដ្ឋ៤គ្រួសារ ធ្វើការរុះរើជាបន្ទាន់នេះ គឺដើម្បីប្រយោជន៍សាធារណៈ ចំពោះការពន្លឿន ការសាងសង់ផ្លូវជាតិលេខ១ ឲ្យបានឆាប់រហ័ស ព្រោះយោងតាមគម្រោងស្ថាបនាកំណាត់ផ្លូវជាតិលេខ១ រវាងរាជរដ្ឋាភិបាល និងអង្គការចៃកា នឹងបញ្ចប់គម្រោងនៅខែមីនា ឆ្នាំ២០១៧។ ប៉ុន្តែដោយសារករណីប្រជាពលរដ្ឋទាំង ៤គ្រួសារនេះ ទើបអាជ្ញាធរបង្ខំចិត្ត ចាត់វិធានការរដ្ឋបាល៕