(ភ្នំពេញ)៖ អាជ្ញាធរមីនកម្ពុជា បានបង្ហាញការសោកស្តាយខ្លាំងចំពោះអត្ថបទរបស់កាសែត «ឌឺ ខេមបូឌា ដេលី» ដែលបានរិះគន់ទៅលើសកម្មភាពបោសសំអាតមីន នៅកម្ពុជា។ អាជ្ញាធរមីនកម្ពុជា បានចាត់ទុកអត្ថបទរិះគន់នេះថា មានទិសដៅបំផ្លាញមុខមាត់របស់កម្ពុជា ដែលកំពុងនាំមុខក្នុងវិស័យសកម្មភាពមីន នៅលើសកលលោក និងបន្ទុចបង្អាក់កិច្ចខិតខំប្រឹងប្រែងកៀរគរ ធនធានសម្រាប់វិស័យមីននៅកម្ពុជា។
កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ «ឌឺ ខេមបូឌា ដេលី» បានចេញផ្សាយអត្ថបទជាភាសាអង់គ្លេសមួយ ដោយដាក់ចំណងជើងថា «Cambodia "Not in Line" With Landmine Target (កម្ពុជាមិនស្របជាមួយគោលដៅចំការមីន)»។ ក្នុងអត្ថបទនេះ «ឌឺ ខេមបូឌា ដេលី» បានរៀបរាប់ និងលើកឡើងពី ចំណុចអវិជ្ជមានជាច្រើន ក្នុងសកម្មភាពបោសសំអាតមីននៅកម្ពុជា។
ឆ្លើយតបការចោទប្រកាន់ និងរិះគន់ទាំងនេះ អាជ្ញាធរមីនកម្ពុជា បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់ខ្លួន នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ថា កម្ពុជាសម្រេចបានការបោសសំអាតមីន និងគ្រាប់លើផ្ទៃដីជាង ១,៥០០គីឡូម៉ែត្រការ៉េគិតពីឆ្នាំ១៩៩២មក ក្នុងនោះបោសសំអាតមីនប្រឆាំងមនុស្សបានជាង ១លានគ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានជាង ២លាន ៦សែនគ្រាប់ កាត់បន្ថយអត្រាគ្រោះថ្នាក់ពី ៤,៣២០នាក់នៅឆ្នាំ១៩៩៦ មកត្រឹមក្រោម ២០០នាក់នៅឆ្នាំ២០១២ និងមកត្រឹម ៧៥នាក់ គិតត្រឹមខែតុលា ឆ្នាំ២០១៦។
អាជ្ញាធរមីន បន្តបញ្ជាក់ថា សមិទ្ធិផលសម្រេចបានកន្លងមក គឺបានចូលរួមចំណែក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងអត្រាប្រចាំឆ្នាំប្រមាណជា ៧ភាគរយ តាមរយៈការរំដោះដីធ្វើកសិកម្ម កសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ហើយក៏បានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រសម្រាប់ប្រជាជន ព្រមទាំងបានលើកស្ទួយកម្រិតជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជននៅតាមជនបទស្រែចំការផងដែរ។
អាជ្ញាធរមីនបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា «លទ្ធផលទាំងនេះ គឺជាភស្តុតាងយ៉ាងប្រត្យក្ស ដែលបានផ្តល់ផលប្រយោជន៍ទាំងស្រុង សម្រាប់ប្រជាជន និងប្រទេសកម្ពុជា»។
អាជ្ញាធរមីន បានឲ្យដឹងផងដែរថា តាមរយៈសកម្មភាពរបស់ខ្លួន កម្ពុជាត្រូវបានសកលលោកទទួលស្គាល់យ៉ាងច្បាស់ ក្នុងការនាំមុខមិនត្រឹមតែប្រយុទ្ធប្រឆាំង និងហាមប្រាមការប្រើប្រាស់មីន និងគ្រាប់មិនទាន់ផ្ទុះប៉ុណ្ណោះទេ ថែមទាំងជាស់ទុំក្នុងវិស័យមីនទូទាំងសកលលោក ដែលគេបាននឹងកំពុងរៀនសូត្រទាំងពីការគ្រប់គ្រង រហូតដល់បច្ចេកទេសបោសសំអាតមីន។ លើសពីនេះកម្ពុជា បានចូលរួមក្នុងការបង្កើតនូវបទដ្ឋានស្ងត់ដារអន្តរជាតិ ជាពិសេសបច្ចេកទេសកាត់បន្ថយផ្ទៃដីសង្ស័យមានមីន ដែលក្នុងនោះមានអង្គការ GICHD បានមកចងក្រងរៀនសូត្រផងដែរ។
អាជ្ញាធរមីន បានបង្ហាញការសោកស្តាយចំពោះការចេញផ្សាយរបស់ «ឌឺ ខេមបូឌា ដេលី» និងហៅការចេញផ្សាយនេះថា យកព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយពិតប្រាកដ មិនយល់ច្បាស់ពីស្ថានភាពមីន ផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន និងវិធានការនានា ដែលនាំឲ្យសាធារណជន មតិជាតិ និងអន្តរជាតិមានការយល់ច្រឡំ មន្ទីលសង្ស័យលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។
អាជ្ញាធរមីន ក៏បានចាត់ទុកអត្ថបទនេះថា មានចេតនាធ្វើឲ្យមានការយលើច្រឡំលើជំនួយ របស់ប្រទេសដៃគូអភិវឌ្ឍនានា ក្នុងសកម្មភាពបោសសំអាតមីននៅកម្ពុជា ដែលគេមានរបៀបធ្វើការ ប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃហ្មតចត់ ត្រឹមត្រូវ ច្បាស់លាស់ ដោយចុះត្រួតពិនិត្យទៅដល់ទីវាលជាក់ស្តែងយ៉ាងសកម្ម ដើម្បីធានាថា រាល់ថវិកាជំនួយត្រូវបានប្រើប្រាស់ប្រកបដោយតម្លាភាព គណនេយ្យភាព និងស្របតាមផែនការ។
អាជ្ញាធរមីន ក៏បានហៅអត្ថបទនេះថា មានចរិតលម្អៀង និងប្រមាថដល់ប្រតិបត្តិករជាតិ និងអន្តរជាតិ ដែលកំពុងប្រតិបត្តិការបោសសំអាតមីននៅកម្ពុជា ហើយបានបូជាកម្លាំង និងស្មារតីរហូតដល់បានបូជាអាយុជីវិតរបស់ខ្លួន ដើម្បីផ្តល់សុខសុវត្ថិភាព និងលើកកម្ពស់ជីវភាពជូនប្រជាពលរដ្ឋ៕