(ក្រចេះ)៖ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងអាវុធហត្ថ ស្រុកចិត្របុរីនិងកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៧០៨ បានបើកប្រតិបត្តិការដេញបង្ក្រាបរថយន្ដដឹកឈើគ្មានច្បាប់ចំនួន២គ្រឿង រួចហើយប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ សង្កាត់ថ្មក្រែ នៅវេលាម៉ោងទើបភ្លឺថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០១៦។
តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ រថយន្តទាំង២គ្រឿង បានបើកសម្រុកចូលទៅក្នុងហាងបាយយីហោ «អូននាង» ស្ថិតនៅបណ្ដោយផ្លូវជាតិលេខ៧ ភូមិបន្ទាយ ឃុំគោលាបស្រុកចិត្របុរី ខេត្តក្រចេះ។
ប្រជាពលរដ្ឋភាគច្រើនបានឲ្យដឹងថា រថយន្តដឹកឈើទាំងឡាយនៅពេលដែលកម្លាំងសមត្ថកិច្ចដេញបង្ក្រាបនោះ អ្នកបើករថយន្ត តែងតែបើករថយន្តសម្រុកចូលទៅលាក់នៅក្នុងហាងបាយមួយនេះ ហើយម្ចាស់ហាងមិនដែលសហការជាមួយកម្លាំងសមត្ថកិច្ចនោះឡើយ ដូចជាកាលពីពេលកន្លងទៅ ស្រ្តីជាម្ចាស់ហាង បានឈ្លោះជាមួយក្រុមសមត្ថកិច្ចរហូតជេរយ៉ាងបែកផ្សែងទៀតផង នៅពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបនៅទីនោះ។
លោក អ៊ឹម ចិត្រា មេបញ្ជាការអាវុធហត្ថស្រុកចិត្របុរី បានឲ្យដឹងថា រថយន្ដសាំងយ៉ុងដឹកឈើទាំង២គ្រឿងនោះ គឺដឹកឈើចេញពីខេត្តស្ទឹងត្រែង ហើយក្រោយទទួលបានព័ត៌មានសម្ងាត់កម្លាំងអាវុធហត្ថរបស់លោក សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៧០៨ បានចេញបង្ក្រាបតាំងពីព្រំព្រទល់ខេត្តក្រចេះនិងខេត្តស្ទឹងត្រែង តែឃាត់មិនបាន រហូតមកដល់ចំណុចខាងលើ រថយន្ដទាំង២គ្រឿងបើកចូលហាងបាយយីហោ «អូននាង» ទើបឃាត់បាន។
សមត្ថកិច្ចមួយចំនួនបានលួចបង្ហើបថា នៅខេត្តក្រចេះ មានរថយន្ដសាំងយ៉ុងដឹកឈើជាច្រើនគ្រឿងតែងតែ បើកបិតគ្នាបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវមានពេលខ្លះចេញម្ដង១០គ្រឿងក៏មានដែរ។ ក្រុមឈ្មួញឈើដែលដឹកឈើចេញពីខេត្តត្បូងឃ្មុំ និងខេត្តព្រែវែង ត្រូវគេស្គាលថា ឈ្មោះ វៀច និងឈ្មោះ អូន អ្នកទាំងពីរ ឪពុកនិងកូនតែងតែបើករថយន្ដបិតគូទនៅពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាប។
លោក ម៊ី វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ បានឲ្យដឹងថា រថយន្ដសាំងយ៉ុងទាំង២គ្រឿង ដឹកឈើប្រភេទលេខ២។ ក្រោយអាវុធហត្ថស្រុកចិត្របុរី បង្ក្រាបបាន ក៏ប្រគល់ឮ យកទៅរក្សាទុក នៅស្ថានីយ៍បណ្ដុះកូនឈើខ្សា ដែលមាន២ម៉ែត្រគូប បន្ទាប់ពីធ្វើការវាស់វែងហើយ៕