(សៀបរាម)៖ ថ្នាក់ដឹកនាំ បុគ្គលិក និងអ្នកបម្រើការទាំងអស់នៅសណ្ឋាគារ «ផាលេស អប្សរា រីស៊ត» នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានសម្ដែងនូវការដឹងគុណ និងថ្លែងអំណរគុណ ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានជ្រើសរើសសណ្ឋាគាររបស់ខ្លួន ដើម្បីដំណើរការកិច្ចប្រជុំកំពូល កម្ពុជា ឡាវ វៀតណាម លើកទី៩ ដែលបានសម្រេចជោគជ័យយ៉ាងល្អពេញចិត្ត។
ថ្នាក់ដឹកនាំសណ្ឋាគារ និងបុគ្គលិកទាំងអស់ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបាទ ហាក់ ប៊ុនថា ព្រមទាំង បុគ្គលិក អ្នកបម្រើការទាំងអស់ នៃសណ្ឋាគារ អប្សរា រីស៊ត និងសន្និសិទ ខេត្តសៀមរាប សូមគោរពដឹងគុណ និងគោររពថ្លែងអំណរគុណជាមួយភក្តីភាព ដោយកតញូជាទីបំផុតពីយើងខ្ញុំគោរពជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់នូវមហាកិត្តយសដ៏ថ្លៃថ្លាវិសេសបំផុត ក្នុងវត្តមានដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំកំពូល កម្ពុជា ឡាវ វៀតណាម លើកទី៩ ដែលបាន សម្រេចជោគជ័យយ៉ាងត្រចះត្រចង់បំផុត ក្នុងព្រឹត្តិការណ៍នេះ រូបខ្ញុំបាទព្រមទាំង បុគ្គលិក និងអ្នកបម្រើការនៃសណ្ឋាគារ អប្សរារីស៊ត និងសន្និសិទទាំងអស់បានទទួល បម្រើដោយការអនុញាតិឲ្យ រៀបចំកន្លែងប្រជុំនិងបានបម្រើផ្ទាល់ នៅក្នុងសម័យប្រជុំក្នុងរយៈពេល ៣ថ្ងៃកន្លងទៅនេះ ជាមួយមោទនភាពដ៏ក្រៃលែង ដោយខ្ញុំបាទ យើងខ្ញុំបានបម្រើប្រមុខដឹកនាំ ប្រទេសទាំង៣ ដែលមានសម្តេចតេជោ ជាប្រធានដឹកនាំកិច្ចប្រជុំកំពូល»។
បន្ថែមពីនេះ ថ្នាក់ដឹកនាំសណ្ឋាគារ និងបុគ្គលិកទាំងអស់ សូមលើកដៃប្រណមពីចម្ងាយ គោរពជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រា បុត្រី និង ចៅៗ សូមមានសុខភាពល្អ ប្រាជ្ញាភ្លឺថ្លាបន្តដឹកនាំកម្ពុជាឈានសម្បូរុងរឿង ក្នុងសុខសន្តិភាពដ៏យូរអង្វែង និងសូមសម្តេចទាំងទ្វេ ជួបប្រទះតែនឹងពុទ្ធពរ ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕