(ភ្នំពេញ)៖ លោក ហែម សុជាតិ មេធាវី១រូប ក្នុងចំណោមមេធាវី៤រូបរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានប្រាប់ Fresh News ឱ្យដឹងថា ក្រុមមេធាវី នឹងដាក់ពាក្យបណ្តឹងសារទុក្ខ ទៅកាន់តុលាការកំពូល នៅដើមខែធ្នូខាងមុខនេះ ដើម្បីជំទាស់បន្តទៀត ទៅនឹងសេចក្តីសម្រេចឱ្យ លោក កឹម សុខា ជាប់ពន្ធនាគារ៥ខែ និងពិន័យប្រាក់៨០ម៉ឺនរៀល។
កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ សាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការ ចំពោះការផ្តន្ទាទោស លោក កឹម សុខា ឱ្យជាប់ពន្ធនាគាររយៈពេល៥ខែ និងពិន័យ៨០ម៉ឺនរៀល ក្រោមការចោទប្រកាន់ពី បទបដិសេធក្នុងការចូលខ្លួនក្នុងនាមជាសាក្សីនៃសំណុំរឿងសញ្ចារកម្ម។ តុលាការនេះក៏ទុកពេល១ខែ ដើម្បីឱ្យ លោក កឹម សុខា ប្តឹងជំទាស់ទៅតុលាការកំពូលផងដែរ។
លោក ហែម សុជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារតែសវនាការ(ឧទ្ធរណ៍) នៅថ្ងៃទី៤ វិច្ឆិកា អញ្ចឹងទាល់តែថ្ងៃទី៣-៤ ខែធ្នូ មេធាវីទាំងអស់នឹងប្តឹងហើយ»។ លោកបានបន្ថែមថា ក្រុមមេធាវីនឹងព្យាយាមដាក់ពាក្យបណ្តឹងសារទុក្ខនោះ មិនឱ្យហួសពេលកំណត់ទេ។
សូមជំរាបថា កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលោក កឹម សុខា ឱ្យជាប់ពន្ធនាគារ៥ខែ និងពិន័យជាប្រាក់ចំនួន៨០ម៉ឺនរៀល ដោយគ្មានការព្យួទោសក្រោមការចោទប្រកាន់ពីបទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ដែលតុលាការចាត់ទុកថា ជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ។ តុលាការ បានចាត់ការមិនចូលខ្លួនរបស់លោក កឹម សុខា ថាជាការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង៕