(ភ្នំពេញ)៖ បន្ទាប់ពីមហាជនមួយចំនួនបានរិះគន់ទៅលើរថយន្តមួយគ្រឿងម៉ាក Lexus 570 ពណ៌ស ពាក់ស្លាកលេខ រដ្ឋ៣៤៖ 2-2222 ដែលបើកបញ្ច្រាស់ទិសនៅ ផ្លូវនរោត្តមនាថ្មីៗនេះនោះលោក ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា បានចេញមុខពន្យល់ថា រថយន្តនោះគឺជារថយន្តរបស់លោក។ ប៉ុន្តែលោកបានបកស្រាយថា ការបើកបញ្ច្រាស់ផ្លូវនេះ ដោយសារតែមានការណ៍ចាំបាច់ ត្រូវទៅរាយការណ៍ដោយផ្ទាល់ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាអំពីកិច្ចប្រជុំ APA ហើយក៏មានការសម្រួលដោយនគរបាលចរាចរណ៍ផងដែរ។
Facebook ផ្ទាល់ខ្លួនរបស់លោក ងួន ញ៉ិល បានសរសេរពន្យល់ជាមួយខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖
«ចំពោះបញ្ហានេះ ខ្ញុំបញ្ជាក់ជូនថា ខ្ញុំមានកិច្ចការចាំបាច់ក្នុងដំណើរទៅជួប សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដើម្បីរាយការណ៍ជូនអំពីមហាសន្និបាត សភាតំបន់អាស៊ី (APA) លើកទី៩ វេលាម៉ោង ៨៖០០ព្រឹក នៅវិមានព្រឹទ្ធសភា។ ដោយសារការកកស្ទះចរាចរណ៍ចំនួន៣កន្លែង នៅកំណាត់ផ្លូវពីព្រែកប្រាទៅច្បារអំពៅ១កន្លែង ១កន្លែង ទៀតនៅគល់ស្ពាន ព្រះមុនីវង្សខាងកើត ក្នុងខណ្ឌច្បារអំពៅ និងមួយកន្លែងទៀត ចាប់តាំងពីសណ្ឋាគារតាយម៉េង រហូតដល់ភ្លើងស្តុបខាងជើងក្រសួងមហាផ្ទៃ។ រាល់ការស្ទះទាំង៣កន្លែងនេះ នាំឱ្យលើសម៉ោងកំណត់១០នាទី ដូច្នេះអង្គរក្សក្រសួងមហាផ្ទៃដែលការពារខ្ញុំ នៅក្នុងឡាន ឈ្មោះ ចាន់ ប៊ុនធឿន បានអន្តរាគន៍សម្រួល ទៅនគរបាលចរាចរណ៍ ខណ្ឌច្បារអំពៅ និងបន្តទាក់ទងទៅនគរបាលចរាចរណ៍ ដែលមានភារកិច្ចសម្រួលចរាចរណ៍នៅមុខក្រសួងមហាផ្ទៃ ទើបខ្ញុំបានចេញរួច ពីកន្លែងកកស្ទះដោយសារនគរបាលចរាចរណ៍អន្តរាគមន៍»។
បើយោងតាមច្បាប់ចរាចរណ៍ជើងគោកមាត្រា៦ អំពីបញ្ហាសិទ្ធិអទិភាពចំណុចទី៣ បានចែងថា «សញ្ញាបញ្ជារបស់ ភ្នាក់ងារចរាចរណ៍ មានសិទ្ធិអទិភាពលើភ្លើង សញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ នៅលើទ្រូងផ្លូវ ផ្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវ និងបទប្បញ្ញត្តិចរាចរណ៍ទាំងឡាយ។ ដូច្នេះក្នុងនាមលោកជា ថ្នាក់ដឹកនាំជាន់ខ្ពស់ នៅស្ថាប័នរដ្ឋសភា និងជាអ្នកពិភាក្សា និងអនុម័តច្បាប់ នោះលោកមិនបំពានច្បាប់ចរាចរណ៍នេះទេ»៕