(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញវិលត្រលប់មកដល់រាជធានីភ្នំពេញ ដោយសុវត្ថិភាពហើយ នាថ្ងៃត្រង់ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។ ដំណើរអញ្ជើញមកដល់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាពេលនេះបានធ្វើឡើង ក្រោយពេលដែលសម្តេចបានបញ្ចប់កិច្ចប្រជុំ ស្តីពីការអភិវឌ្ឍ តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ហៅកាត់ថា CLV នាខេត្តសៀមរាប បានបញ្ចប់ដោយយោគជ័យ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។នេះបើយោងតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បង្ហោះឲ្យដឹងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ពេលនេះខ្ញុំនិងភរិយាបានវឹលត្រឡប់មក ដល់ភ្នំពេញវិញជាមួយនិងការរង់ចាំរបស់ចៅៗដែលនឹកដល់តាយាយ»។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងមន្រ្តីជាន់ខ្ពស់ពាក់ព័ន្ធមួយចំនួនទៀតបានអញ្ជើញ ចូលរួមនៅក្នុងកិច្ចប្រជុំកំពូលរវាងកម្ពុជា ឡាវ និងវៀតណាម លើកទី៩ ស្ដីពី «ការអភិវឌ្ឍតំបន់ត្រីកោណ» នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នៅថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងខេត្តសៀមរាប។ កិច្ចប្រជុំខាងលើនេះ បានធ្វើឡើង ក្នុងគោលបំណងពង្រឹង នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ រវាងកម្ពុជា-ឡាវ-វៀតណាម ដើម្បីជម្រុញការអភិវឌ្ឍន៍ និងកាត់បន្ថយភាពក្រីក្ររវាងប្រជាពលរដ្ឋ ឲ្យកាន់តែឆាប់និងមានប្រសិទ្ឋិភាព៕