(សៀមរាប)៖ ក្រសួងទេសចរណ៍ បានបើកសិក្ខាសាលាផ្សព្វផ្សាយការយល់ដឹង ស្ដីពីការបញ្ច្រាបយេនឌ័រ និងការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ក្នុងវិស័យទេសចរណ៍ នាព្រឹកថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០១៦នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមវត្តមាន លោកស្រី ហ៊ុន ដានី អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ នៃក្រសួងទេសចរណ៍ តំណាងលោករដ្ឋមន្ដ្រី ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

ក្នុងនោះក៏មានការចូលរួមពី លោក កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត លោក ពិន ប្រាកដ អភិបាលខេត្តសៀមរាប ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់ព័ន្ធ មគ្គុទ្ទេសក៍ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ សិស្សនិស្សិត សរុបប្រមាណជាង​១៥០អង្គ/នាក់​។

លោកស្រី ហ៊ុន ដានី បានថ្លែងថា រដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ន បានចាត់វិធានការនានា ប្រកបដោយប្រសិទ្ធិភាព និងធានាបាននូវនិរន្តរភាព នៃស្ថាប័នរដ្ឋនៅគ្រប់ថ្នាក់ រក្សាបានស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ដែលរក្សាបាននូវប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងអរិយធម៌ដ៏ល្អប្រពៃរបស់ប្រជាជនខ្មែរទៅអនាគត។ លោកស្រីបញ្ជាក់ថា ​ដើម្បីសម្រេចបាននូវគោលបំណងដ៏ពិសិដ្ឋនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតឲ្យមានគណៈកម្មការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ (គ.ជ.ស.ស.ខ) កាលពីខែសីហា ឆ្នាំ២០០៦កន្លងទៅ​។

ជាមួយគ្នានោះដែរ គ្រូឧទ្ទេសបានបន្តផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍ ស្ដីពី ការយល់ដឹង​ ការបញ្ច្រាបយេនឌ័រ និងការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ក្នុងវិស័យទេសចរណ៍ ដល់សិក្ខាកាមផងដែរ។ បន្ថែមពីនេះ លោកស្រីអនុរដ្ឋលេខាធិការ និងប្រតិភូ បានចុះទៅជួបសំណេះសំណាល និងស្វែងយល់ជាមួយក្រុមស្ត្រី ដែលបម្រើការក្នុងវិស័យទេសចរណ៍ នៃផ្នែកប្រតិបត្តិករទេសចរណ៍មួយចំនួន នៅខេត្តសៀមរាប ផងដែរ​៕