(រតនគិរី)៖ កម្លាំងនគរខេត្តរតនគិរីចំនួន៥០នាក់ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ត្រីងួន គឿន ស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បាននាំកម្លាំងទៅចុះជួយច្រូតស្រូវប្រជាពលរដ្ឋ១គ្រួសារ ស្ថិតនៅភូមិអូរចេង ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។
បើតាមលោកឧត្តមសេនីយ៍ត្រីផែន ឌីណា ស្នងការរងទទួលផែនព្រហ្មទណ្ឌ ដែលដឹកនាំនៅវាលស្រែផ្ទាល់ប្រាប់ឲ្យដឹងថា កម្លាំងនគរបាលមក ពីអង្គភាពផ្សេងៗ ចំណុះឲ្យស្នងការមានចំនួន៥០នាក់ ចុះជួយច្រូតនិងកងកណ្តាប់ស្រូវលើផ្ទៃដី២ហិចតារ ដែលមានម្ចាស់ឈ្មោះគីម វណ្ណារិទ្ធ ។
លោកបន្តថា ដោយមានបទបញ្ជាពីអគ្គស្នងការនគរបាលជាតិនោះ ស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានត្រៀមកម្លាំងចុះជួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈមិនថាយប់ ថ្ងៃជាក់ស្តែង ដូចជាសកម្មភាពច្រូតកាត់ថ្ងៃនេះ ហើយក៏ត្រៀមចាំជួយអន្តរាគមន៍ក្រុមគ្រួសារប្រជាពលនៅតំបន់ផ្សេងៗទូទាំងខេត្ត ដែលខ្វះកម្លាំងពលកម្មផងដែរ។
លោកគីម វណ្ណរិទ្ធ ម្ចាស់វាលស្រែខាងលើ និងជាអតីតនាយនគរបាលដែលបានចូលនិវត្តន៍ ប្រាប់ឲ្យដឹងថា ដោយសារក្រុមគ្រួសារខ្វះកម្លាំងពលកម្ម នោះរូបលោកបានស្នើសុំទៅលោកងួន គឿន ស្នងការនគរបាលខេត្តរតនគិរីចុះជួយច្រូត កាត់បន្ទាន់ពីព្រោះស្រូវទុំពេញស្រែអាកាសធាតុមិនអំណោយផល (ភ្លៀងកក់ខែ) អាចបណ្តាលឲ្យស្រូវរលួយបើប្រមូលផលមិនទាន់។ ជាមួយសកម្មភាពប្រកបដោយសប្បុរសធ៌មរបស់កម្លាំងនគរបាលនេះដែរ លោកគីម វណ្ណារិទ្ធ សូមថ្លែងអំណរគុណ ដល់លោកស្នងការនិងមន្ត្រីនគរបាល ក្រោមឱវាវ ទាំងអស់ដែលចំណាយពេលវេលា ចុះមកជួយច្រូតកាត់ក្រុមគ្រួសារគាត់។
សកម្មភាពខាងលើនេះ សបញ្ជាក់ឲ្យឃើញថា កម្លាំងនគរបាលជាតិក្រៅពីបំពេញតួនាទីបម្រើប្រទេសជាតិ ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងមុតស្រួចសម្រាប់ជួយអន្តរាគមន៍ថែមទៀតផង។
សូមបញ្ជាក់ថា កម្លាំងនគរបាល៥០នាក់ដែលចុះជួយច្រូត កាត់នេះបាននាំម្ហូបអាហារ ភេសជ្ជៈខ្លួនឯងពោលគឺមិនរំខានម្ចាស់វាលស្រែនោះទេ ហើយក្នុងន័យ មនោសញ្ចេតនា ដែលធ្លាប់ធ្វើការជាមួយគ្នាលោកផែន ឌីណា បានចលនាប្រមូលលុយ៤០ម៉ឺនរៀល ឧបត្ថម្ភជូនលោកគីម វណ្ណរិទ្ធ រួចហូបបាយសាមគ្គី ដោយទឹកចិត្តសប្បាយរីករាយ៕