(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបន្ថែមថវិកាប្រមាណ៧០លានដុល្លារថែមទៀត សម្រាប់ការងាររដ្ឋបាលថ្នាក់ក្រោមជាតិ នៅឆ្នាំ២០១៧ ខាងមុខនេះ ដោយសារតែកំណើនសេដ្ឋកិច្ចជាតិ និងតម្រូវការផ្សេងៗ។

ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្ដ្រី ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងពិធីបើកសិក្ខាសាលាជាតិ ស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)។

លោកទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុន្នីរ័ត្ន បានបញ្ជាក់ថា តាមការរំពឹងទុក ថវិកាសម្រាប់ការងារថ្នាក់ក្រោមជាតិ នៅឆ្នាំ២០១៧ នឹងកើនដល់៤៣៨លានដុល្លារអាមេរិក ដែលក្នុងនោះមានថវិការដ្ឋប្រមាណជាង៣៩៦លានដុល្លារ និងថវិកាចូលរួមចំណែកពីដៃគូរអភិវឌ្ឍន៍ជាង ៤២លានដុល្លារ។

លោកបានបញ្ជាក់ថា ចំនួនថវិកា៧០លានដុល្លារដែលនឹងត្រូវបង្កើននេះ នៅពុំទាន់បានគិតបញ្ជូលនូវថវិកា​ ដែលត្រូវផ្ទេរភ្ជាប់ជាមួយមុខងារនានា របស់ក្រសួងមួយចំនួនដែលបានសម្រេចចិត្ត ផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ពីដើមឆ្នាំ២០១៧តទៅនោះនៅឡើយទេ។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ មន្ដ្រីពាក់ព័ន្ធដែលបានរួមចំណែក ក្នុងការសម្រេចបាននូវសមិទ្ធផល គួរឲ្យកត់សម្គាល់ជាច្រើន ក្នុងឆ្នាំ២០១៦នេះដែលពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយ កំណែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់ការគ្រប់គ្រងហរិញ្ញវត្ថុសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រង់រដ្ឋបាលសាធារណៈ ហើយកំណែទម្រង់ដ៏សំខាន់ទាំង៣នេះ នឹងត្រូវបានបន្ដអនុវត្តកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីធានាបានទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់អភិបាលកិច្ចល្អ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕