(សៀមរាប)៖ ក្រោយដំណើរការកិច្ចប្រជុំ កំពូលកម្ពុជា ឡាវ វៀតណាម លើកទី៩អំពីតំបន់ត្រីកោណអភិវឌ្ឍ នៅខេត្តសៀមរាប បានបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងការអរគុណ និង កោតសរសើរ ចំពោះរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ស្ថាប័ន ពាក់ព័ន្ធ ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី ដែលបានធ្វើកិច្ចការដ៏ល្អសំរាប់ ការអភិវឌ្ឍខេត្តទាំង៤នៃភូមិភាគឥសាន្តដែលតភ្ជាប់ជាមួយ ឡាវនិងវៀតណាមក៏ ដូចជារៀបចំការប្រជុំបានយ៉ាងល្អ។នេះបើយោងតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បង្ហោះឲ្យដឹងនៅមុននេះបន្តិច។

យោងតាម Facebook Page ផ្លូវការ​របស់សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់យ៉ាងដូច្នេះថា «ការប្រជុំកំពូលកម្ពុជា ឡាវ វៀតណាម លើកទី៩អំពីតំបន់ត្រីកោណអភិវឌ្ឍ នៅខេត្តសៀមរាបបានបញ្ចប់ទៅប្រកបដោយជោគជ័យ។ អរគុណនិងកោតសរសើរ ចំពោះរដ្ឋមន្ត្រីនិង ថ្នាក់ដឹកនាំ ក្រសួងពាណិជ្ជកម្ម ស្ថាបន័ ពាក់ពន្ធ័ ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរីដែលបានធ្វើកិច្ចការដ៏ល្អសំរាប់ការអភិវឌ្ឍខេត្តទាំង៤នៃភូមិភាគឥសាន្តដែលតភ្ជាប់ជាមួយឡាវនិងវៀតណាមក៏ ដូចជារៀបចំការប្រជុំបានយ៉ាងល្អ។ កោតសរសើរចំពោះថ្នាក់ដឹកនាំខេត្តសៀមរាប និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានធ្វើជាម្ជាស់ផ្ទះដ៏ល្អនៃការ ប្រជុំហើយរក្សាបាននូវ សុវត្តិភាពទាំងស្រុង»

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមន្រ្តីជាន់ខ្ពស់ពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូល រវាងកម្ពុជា ឡាវ និងវៀតណាម លើកទី៩ ស្ដីពី «ការអភិវឌ្ឍតំបន់ត្រីកោណ» នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នៅថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងខេត្តសៀមរាប។ កិច្ចប្រជុំខាងលើនេះ បានធ្វើឡើង ក្នុងគោលបំណង​ ពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់រវាងកម្ពុជា-ឡាវ-វៀតណាម ដើម្បីជម្រុញការអភិវឌ្ឍន៍ និងកាត់បន្ថយ ភាពក្រីក្ររវាងប្រជាពលរដ្ឋឲ្យកាន់តែឆាប់និងមានប្រសិទ្ឋិភាព៕