(បន្ទាយមានជ័យ)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្ម នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង -ខេត្ត ក្រោមការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបន្តយុទ្ធនាការចុះត្រួតពិនិត្យទំនិញ នៅផ្សារបឹងត្រកួន ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ដើម្បីរលមើលតើមានប្រភេទទំនិញអ្វីខ្លះដែលខូចគុណភាព និងហួសកាលបរិច្ឆេទនោះ។
លោក ហុង លៀង អនុប្រធានសាខា ទទួលបន្ទុកប្រធានការិយាល័យ ប្រមូលចំណូល និង ទីផ្សារដែលដឹកនាំមន្រ្តីចុះត្រួតពិនិត្យដោយផ្ទាល់បានថ្លែងថា ក្រោមការណែនាំផ្ទាល់ពីលោក ស៊ាន សីុណាត ប្រធានសាខាកាំកុងត្រូលនោះ មន្រ្តីរបស់លោកបានបន្តចុះទៅផ្សារបឹងត្រកួន ប៉ុន្តែជាលទ្ធផលមិនបានរកឃើញទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទនោះឡើយ។
លោក ហុង លៀង បានបន្តទៀតថា ការរកមិនឃើញទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទទាំងនេះដោយសារតែបងប្អូនក្រុមអាជីវករ មានការយល់ដឹងខ្ពស់ លើការទិញទំនិញ យកមកលក់ជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ មន្រ្តីកាំកុងត្រូល ក៏បានអំពាវនាវដល់ក្រុមអាជីវករទាំងអស់ ត្រូវបង្កើនសកម្មភាព និងការយកចិត្តទុកដាក់កាន់តែខ្លាំង លើការជាវទំនិញមកលក់ដើម្បីចូលរួមកាត់បន្ថយការប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន។