(ភ្នំពេញ)៖ ប្រធានអាជ្ញាធរជាតិប្រយុទ្ធ​នឹងជំងឺអេដស៍ លោកទេសរដ្ឋមន្រ្តី អៀង មូលី បានថ្លែងសង្កត់ធ្ងន់ថា ប្រទេសកម្ពុជានឹងប្ដេជ្ញា ​លុបបំបាត់ឲ្យបាន​​ ការរីករាលដាលជំងឺ​អេដស៍ នៅឆ្នាំ២០២៥ ដែលជាការពន្លឿន​វ​ឌ្ឍ​នភាព​ដើម្បីសម្រេច ក្នុងការប្រយុទ្ធប្រឆាំង នឹងមេរោគអេដស៍ និងឈានទៅរកការលុបបំបាត់ ការរីករាលដាល នៃមេរោគអេដស៍​ឲ្យបាន មុនឆ្នាំ២០៣០។ ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្រ្តី អៀង មូលី ត្រូវបានធ្វើឡើងក្នុងមហាសន្និបាត បូកសរុបលទ្ធផលកិច្ចការងារប្រចាំឆ្នាំ របស់​អាជ្ញាធរជាតិប្រយុទ្ធ​នឹងជំងឺអេដស៍ នាទីស្ដីការគណរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

លោកទេសរដ្ឋមន្រ្តី អៀង មូលី បានបន្តទៀតថា ក្នុងរយៈពេល៣ឆ្នាំខាងមុខ គឺនៅឆ្នាំ២០២០ យើងត្រូវសម្រេចឲ្យបាននូវគោល​ដៅ ៩០-៩០-៩០ ដែលជាដំណាក់កាល​មុនការលុបបំបាត់។ មានន័យថា ទី១ គឺ ៩០% នៃមនុស្សទាំងអស់ ដែលផ្ទុកមេរោគអេដស៍ បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ របស់ពួកគេ។ ទី២ គឺ៩០% នៃផ្ទុកមេរោគអេដស៍ទាំងអស់ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យ បានបន្តទទួលការព្យាបាល ដោយឱសថប្រឆាំងនឹងមេរោគ​ជាប់ជាប្រចាំ និងទី៣ គឺ៩០% នៃមនុស្សទាំងអស់ ដែលទទួលបានការព្យា​បាលដោយឱសថ ប្រឆាំងនឹងមេរោគអេដស៍ នឹងត្រូវឃើញថា បានកំចាត់មេរោគអេដស៍ ចេញពីក្នុងឈាមរបស់ខ្លួន។

ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍រូបនេះ បានបន្ថែមទៀតថា ក្នុងដំណាក់កាលលុបបំបាត់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ នឹងត្រូវសម្រេចឲ្យបាននូវគោលដៅ ៩៥-៩៥-៩៥ ក្នុងនោះទី១​គឺ ៩៥% នៃមនុស្សទាំងអស់ ដែលផ្ទុកមេរោគអេដស៍ បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ របស់ពួកគេ។ ទី២គឺ៩៥% នៃផ្ទុកមេរោគអេដស៍ទាំង​អស់ ដែលត្រូវបាន​ធ្វើរោគវិនិច្ឆ័យ បានបន្ត​ទទួលការព្យាបាល ដោយឱសថប្រឆាំង​​នឹងមេរោគ​ជាប់ជាប្រចាំ និងទី៣ គឺ៩៥% នៃមនុស្សទាំងអស់ ដែលទទួលបានការ​ព្យាបាល ដោយឱសថ ប្រឆាំងនឹងមេរោគអេដស៍ នឹងត្រូវឃើញថា បានកំចាត់មេរោគអេដស៍ ចេញពីក្នុងឈាម​របស់ខ្លួន។

ក្នុងរយៈពេលមួយឆ្នាំនេះ យើងបានបំពេញភារកិច្ច​យ៉ាងសកម្មរួមគ្នា ដើម្បីឈានទៅបញ្ចប់​​ការឆ្លងរាលដាល ជំងឺអេដស៍ ក្នុងដំណាក់កាល​​ដែល​ជំនួយ​បរទេសធ្លាក់ចុះ នៅក្នុងរយៈពេលផ្ទេរ​​ដំណាក់កាលនេះ យើងទាំងអស់គ្នាចាប់​ផ្ដើម​បំពេញតួនាទី ភាពជាម្ចាស់ផ្ទះ ដោយប្ដេជ្ញារួមគ្នាបញ្ចប់ នូវការឆ្លងរាលដាល​​នៃមេរោគអេដស៍ នៅកម្ពុជាក្នុងឆ្នាំ​២០២៥។

លោកទេសរដ្ឋមន្រ្តី អៀង មូលី បានថ្លែងបន្តទៀតថា តាមរយៈសេចក្ដីសម្រេចចិត្ត នៃកិច្ចប្រជុំពេញអង្គលើកទី២ ឆ្នាំ២០១៦នេះ ដើម្បីឈានទៅរកការបញ្ចប់ នាំការចម្លងមេរោគអេដស៍ យើងត្រូវបន្តអនុវត្តន៍ នូវគោលការជាច្រើន បន្ថែមទៀតរួមមាន ត្រូវកៀរគររកចំនួយ ពីបរទេស ដើម្បីឈានទៅរកការបិទបញ្ចប់ ការរាលដាល់មេរោគអេដស៍​ជាស្ថាពរ​។ ក្រសួង ស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោម​ជាតិទាំងអស់ ត្រូវរួមសហការគ្នាទបស្កាត់ ការរីករាលដាល នៃមេរោគអេដស៍ និង​ជំងឺអេដស៍ ឲ្យមានប្រសិទ្ធិភាព និងចីរភាព។ ត្រូវពង្រឹងយន្តការ​ត្រួតពិនិត្យ និងរៀបចំគោលការណ៍​ណែនាំ ស្ដីពីការប្រុងប្រយ័ត្ន ជាសកលចំពោះ​ការឆ្លងមេរោគអេដស៍ ដើម្បីកុំឲ្យមានករណី​ដូចនៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង កើតឡើង​ជាថ្មី។ ត្រូវបន្តអនុវត្តកម្មវិធី ជំរុញសកម្មភាពឲ្យខ្លាំងក្លា និងថែទាំព្យាបាលករណី​ផ្ទុកមេរោគអេដស៍ នៅទូទាំងប្រទេស។ ត្រូវពង្រឹង និងជំរុញការអប់រំ ផ្សព្វផ្សាយផ្ដល់ចំណេះដឹង ស្ដីពីការទប់ស្កាត់​ការរីករាលដាល មេរោគអេដស៍ និងជំងឺអេដស៍ ឲ្យចំគោលដៅ និង​មានប្រសិទ្ធិភាព។

ជាមួយគ្នានេះ ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានសង្ឃឹមយ៉ាងមុតមាំថា ការរួមគ្នាបន្តអនុវត្តការងារឆ្លើយតប ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ អាចឲ្យយើងលុបបំបាត់បាន ការរីករាលដាលមេរោគអេដស៍ នៅឆ្នាំ២០២៥ នៅកម្ពុជា ទៅតាមការប្ដេជ្ញាចិត្ត៕