(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងឲ្យដឹងថា ក្រោមកិច្ចសហការយ៉ាងជិតស្និទរវាងក្រសួង និងអង្គការកុមារអាស៊ីប្រចាំប្រទេសបារាំងរយៈ២៥ឆ្នាំ បានជួយដល់កុមារកំព្រា និងគ្មានទីពឹងនៅកម្ពុជារាប់ពាន់នាក់។ លោក វង សូត បញ្ជាក់ឲ្យដឹងថា តាមរយៈក្រសួងសង្គមកិច្ច ដែលទទួលខុសត្រូវលើមណ្ឌលចំនួន១៥ មណ្ឌល សហការជាមួយ អង្គការកុមារអាស៊ី ប្រចាំប្រទេសបារាំង ដែលមានមណ្ឌលគ្រប់គ្រងដោយផ្ទាល់៤មណ្ឌល បានសហការគ្នាយ៉ាងល្អ ក្នុងការជួយដល់កុមារកម្ពុជា ១៥០០នាក់។

រដ្ឋមន្រ្តី វង​ សូត បានបន្តឲ្យដឹងថា ដំណើរការរយៈពេល២៥ឆ្នាំនេះ ក្នុងការផ្តល់ការឧបត្ថម្ភ គាំទ្ររបស់អង្គការកុមារអាស៊ីប្រចាំប្រទេសបារាំង ពិតជាមានសារៈសំខាន់ណាស់។ លោក សូមវាយតម្លៃខ្ពស់ដល់ការជួយ ការបន្តកិច្ចសហប្រតិបត្តិការល្អរវាងអង្គការរដ្ឋ ជាមួយនឹងអង្គការផងដែរ។

លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានលើកឡើងបែបនេះ ខណៈលោក បានអនុញ្ញាត និងជួបសម្តែងការគួរសម ជាមួយ លោក Roland GIRAULT ប្រធានអង្គការកុមារអាស៊ីប្រចាំប្រទេសបារាំង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសង្គមកិច្ច។

នៅក្នុងឱកាសនោះ លោក Roland GIRAULT ប្រធានអង្គការកុមារអាស៊ីប្រចាំប្រទេសបារាំង បានសម្តែងការអរគុណដល់ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងក្រុមការងារ ដែលបានចូលរួម​ សហការ ជាមួយគ្នាយ់ាងរលូន ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ។ ផ្លែផ្កាដ៏ល្អនេះ នឹងមិនបញ្ចប់នោះទេ រវាងក្រសួង និងអង្គការ នឹងបន្តកិច្ចសហប្រតិបត្តិការនឹងគ្នាបបន្ថែមទៀត ដោយគ្មានបញ្ចប់នោះទេ។

នៅក្នុងជំនួបនោះ លោក លោក Roland GIRAULT បានស្នើឲ្យ លោក រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ជួយសម្រូលដល់ការងារមួយចំនួនរបស់អង្គការផងដែរ ក្នុងនោះរួមមាន ដំណឹងពីការរស់នៅរបស់កុមារ ដែលចាកចេញ ពីមណ្ឌល ទៅរស់នៅជាមួយក្រុមគ្រួសារ និងបញ្ហាមួយទៀត ចំពោះការសហការផ្តល់ជារបាយការណ៍ហិរញ្ញាវត្ថុ​​​ ពីមណ្ឌលនីមួយៗជាដើម។

ជាកាឆ្លើយតប រដ្ឋមន្រ្តី វង​ សូត បានបញ្ជាក់ឲ្យដឹងថា លោក គាំទ្រលើសំណើរបស់លោក លោក Roland GIRAULT ហើយលោកថា ចំពោះករណីសម្រូលឲ្យមានការផ្តល់ដំណឹង ពីការរស់នៅរបស់កុមារ ដែលចាក ចេញ ពីមណ្ឌល ទៅរស់នៅជាមួយក្រុមគ្រួសារ គឺក្រុមការងារ ក៏ដូចជា មណ្ឌលនីមួយៗ​កំពុងតែធ្វើការងារនេះ ដើម្បីសហការជាមួយ គ្រួសារកុមារ ធ្វើយ៉ាងណាផ្តល់ព័ត៌មានឲ្យបានច្បាស់លាស់ ពីការរស់នៅរបស់កុមា​រ ជាប្រចាំ។

ចំពោះបញ្ហាមួយទៀត ទាក់ទងនឹងការផ្តល់ជារបាយការណ៍ហិរញ្ញាវត្ថុពីមណ្ឌលនីមួយៗ លោក វង​ សូត បានបញ្ជាក់ថា រឿងនេះ គ្មានអ្វីជាបញ្ហាចោទនោះទេ លោក ​នឹងជំរុញឲ្យមណ្ឌល នីមួយៗ កែសម្រូលការងារ ខ្លួនជាថ្មី ដើម្បីផ្តល់ភាពងាយស្រួលជាមួយ អង្គការកុមារអាស៊ីប្រចាំប្រទេសបារាំង ក្នុងកិច្ចសហការជាមួយគ្នា ពីព្រោះ ការងារនៅតាមមណ្ឌលនីមួយៗ គ្មានអ្វីជាអាថ៌បាំងឡើយ។

ទាំងភាគីក្រសួង និងអង្គការកុមារអាស៊ីប្រចាំប្រទេសបារាំង នៅតែប្រកាន់ជំហរធ្វើការជាមួយគ្នាបន្តទៀត ដោយគ្មានទីបញ្ចប់ឡើយ ជាក់ស្តែង នៅខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ក្រសួង និង អង្គការកុមារអាស៊ីប្រចាំប្រទេសបារាំង នឹងមានការចុះកិច្ចអនុសារណយោគយល់គ្នា ក្នុងការផ្តល់ជំនួយរវាងគ្នាក្នុងការជួយកុមារកំព្រា នៅកម្ពុជាបន្តទៀតផងដែរ។

គួរបញ្ជាក់ថា លោក Roland GIRAULT ប្រធានអង្គការកុមារអាស៊ីប្រចាំប្រទេសបារាំង និងក្រុមការងារ បានធ្វើការជាមួយក្រសួងសង្គមកិច្ច ក្នុងការជួយកុមារ រយៈពេល២៥ឆ្នាំហើយ ចំពោះការជួយពិភាក្សាការងារ នាពេលនេះ បានធ្វើឡើងខណៈលោក Roland GIRAULT និងក្រុមការងារ មកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦៕