(សៀមរាប)៖ អនុវត្តន៍តាមការណែនាំជាប្រចាំ ពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជ រដ្ឋាភិបាល ទទួលបន្ទុកជា​អគ្គនាយក​កាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ឲ្យសាខាកាំក្រុង ត្រូលនៅទូទាំងប្រទេស បន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់ តាមទីផ្សារ ដើម្បីចូលរួមចំណែក​លើការការពារ សុវត្ថិភាពចំណីអាហារ ជូនដល់ប្រជាពលរដ្ឋ។

ជាក់ស្តែងនៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦  មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀម សហការជាមួយ មន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះពិនិត្យមើលទំនិញ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅផ្សារ សម្តេចតេជោហ៊ុន សែន ដើមក្រឡាញ់ និងតាមផ្ទះនៅជុំវិញផ្សារ ស្ថិតនៅភូមិត្រពាញ់សេះ ក្នុងសង្កាត់គោគចក ក្រុងសៀមរាប ខេត្តសៀមរាប ។

បន្ទាប់ពីបានធ្វើវិភាគបឋម ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួនដែលកំពុង​ដាក់តាំងលក់នៅ​តាមបណ្តាតូប​មួយចំនួនរួមមាន  អំបិលអ៊ីយ៉ូត ស្ពៃជ្រក់ ខ្ញីហាន់រួច គុយទាវ សាច់ក្រក ប្រហុកសាច់ ផ្លែមៀនស្រស់ និង ផ្លែទំពាំងបាយជូរស្រស់ រួចមក ជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយអំបិលមានវត្តមានអ៊ីយ៉ូតល្អ និងពុំបានរកឃើញវត្តមានសារ​ធាតុគីមីហាមឃាត់ ដូចជា Salicylic Acid , Sodium Hydrosulfite, Borax នៅក្នុងផលិតផលម្ហូបអាហារទាំងនោះឡើយ។

ដោយឡែកចំពោះការពិនិត្យលើផលិតផលវេចខ្ចប់រួច និងផលិតផលម្ហូបអាហារកំប៉ុង ក្រុមការងារបានរកឃើញផលិតផលមួយចំនួន ប្រែប្រួលខូចគុណភាព​​ហួសកាលបរិច្ឆេទ ប្រើប្រាស់ ហើយបានធ្វើកំណត់ដកហូតយកមករក្សាទុក ដើម្បីសុំគោលការណ៍កំទេចចោលនៅពេលក្រោយ ។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏ បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ  និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផល​ប៉ះពាល់ដល់សុខភាព ដែលបណ្តាលមក​ពីបរិភោគអាហារ ហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារ ។

ទន្ទឹមនោះមន្រ្តីកាំកុងត្រូលក៏បានពន្យល់ និងបកស្រាយជូនដល់អាជីវករ អ្នកលក់ដូរ  និងអ្នកប្រើប្រាស់ អំពីពាក្យចចាមអារ៉ាមដែលកើតមានថ្មីៗ ទាក់ទងទៅនឹងអង្ករប្លាស្ទិក ដើម្បីឲ្យពួកគាត់​បានយល់​ដឹងបន្ថែម និងមានទំនុកចិត្តថា គឺពិតជាពុំមានអង្ករប្លាស្ទីកទេនៅកម្ពុជា ដោយបាននិយាយយោងទៅលើលទ្ធផលពិសោធន៍ របស់អគ្គនាយកដ្ឋានកាំកុង​ត្រូលនិងប្រសាសន៍ដ៏​មុតមាំរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម និងប្រសាសន៍ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកកាំកុងត្រូល និងសេចក្តីប្រកាស​របស់សមាគមស្រូវ អង្ករកម្ពុជា ៕