(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានសើុបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហកាជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យនៅក្នុងការដ្ឋានសំណង់ china construction fourth engineering division corp. LTD ស្ថិតនៅមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យកម្មករជាជនជាតិចិន តើថាពួកគេមានលិខិតស្នាមស្នាក់នៅ និងធ្វើការតាមច្បាប់ដែរឫយ៉ាងណា។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើុបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា ជាលទ្ធផលក្រុមប្រតិបត្តិការចម្រុះបានត្រួតពិនិត្យឃើញមានជនជាតិចិនចំនួន២៧៨ នាក់ ស្រី ០៤ ក្នុងនោះគ្មានលិខិតឆ្លងដែនចំនួន១០នាក់ ត្រូវបានឃាត់ខ្លួនយកមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សាកសួរ, មានលិខិតឆ្លងដែនចំនួន១៦៨នាក់ ស្រីចំនួន០៤នាក់ និងគ្មានសៀវភៅការងារចំនួន១៣៩នាក់ ដកយកលិខិតឆ្លងមកធ្វើការផាកពិន័យតាមច្បាប់ការងារ។
លោកឧត្តមសេនីយ៍បានបន្តទៀតថា នាយកដ្ឋានវិនិយោគឯកជន "ន៤" នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កំពុងត្រួតពិនិត្យលិខិតឆ្លងដែន និងប័ណ្ណការងារតាមនីតិវិធី៕