(ភ្នំពេញ)៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាល និងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបើកប្រតិបត្តិការ ចុះទៅបង្ក្រាបករណីបង្ខាំងមនុស្សខុសច្បាប់មួយកន្លែង ស្ថិតនៅក្នុងរោងចក្រ Mars Brother Garment Manufacturing Co.,Ltd ស្ថិតនៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ បង្កឡើងដោយក្រុមសន្តិសុខមួយក្រុម របស់រោងចក្រ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា ជាលទ្ធផលនៃប្រតិបត្តិការមួយនេះកម្លាំងនគរបាលរបស់លោក បានចាប់ខ្លួនជនសង្ស័យ ជាក្រុមសន្តិសុខ នៅក្នុងរោងចក្រចំនួន៦នាក់ និងរំដោះជនរងគ្រោះដែលជាកម្មកររោងចក្រចំនួន៤នាក់។

លោក យឹម សារ៉ាន់ បានបន្តទៀតថា មុនពេលមានករណីនេះកើតឡើង ជនរងគ្រោះ៤នាក់ ជាក្រុមកម្មករធ្វើការនៅរោងចក្រមួយនេះ បានយកថ្នាំញៀនមួយកញ្ចប់តូច ចូលទៅក្នុងរោងចក្រ ដើម្បីនាំគ្នាជក់ ប៉ុន្តែពេលនោះក្រុមសន្តិសុខដឹង ក៏ឃាត់ខ្លួនពួកគេ ហើយមិនព្រមរាយការណ៍មកសមត្ថកិច្ច ដែលជាមន្រ្តីនគរបាលយុត្តិធម៌ បែរជាទៅបង្ខាំងពួកគេ ហើយបង្ខំឲ្យតេទៅឪពុកម្តាយ ដោយទារលុយម្នាក់ៗ៥០០ដុល្លារ បើមិនឲ្យទេពួកគេនឹងមិនអនុញ្ញាតឲ្យចេញមកក្រៅនោះឡើយ។

ក្រោយទទួលបានព័ត៌មាននេះ លោកអធិការ បានដឹកនាំកម្លាំងនគរបាលមួយក្រុមចុះទៅជួយអន្តរាគមន៍ ប៉ុន្តែខាងរោងចក្រ និងក្រុមសន្តិសុខទាំងនេះ មិនព្រមសហការនោះឡើយ ទើបលោករាយការណ៍សំុគោលការណ៍ពីនាយឧត្តមសេនីយ៍ស្នងការ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញា ទើបឈានទៅដល់ការចុះបង្ក្រាបជាក់ស្តែងតែម្តង ដោយធ្វើការឃាត់ខ្លួនពួកគេ៦នាក់ និងរំដោះជនរងគ្រោះ ទាំង៤នាក់ផងដែរ។

បើតាមលោកអធិការខណ្ឌ កន្លងទៅតែងតែមានករណីនេះកើតឡើង ដែលបង្កឡើងដោយក្រុមសន្តិសុខ ទៅចាប់បង្ខាំងក្រុមកម្មករ នៅពេលកើតមានបទល្មើសអ្វីមួយកើតឡើង ដូចជាលួច និងជក់គ្រឿងញៀនជាដើម តែពួកគេ (សន្តិសុខ) មិនដែលបានរាយការណ៍មកកម្លាំងនគរបាលនោះទេ គឺពួកគេបានបង្ខាំង ហើយបង្ខំឲ្យបង់លុយទៅវិញ ជាការខុសយ៉ាងធ្ងន់ធ្ងរ។

លោកថា ដោយសារតែមានសកម្មភាពបែបនេះហើយ ទើបប្រជាពលរដ្ឋចោទមកលើកងកម្លាំងសមត្ថកិច្ចនគរបាលទៅវិញ តែតាមការពិត គឺពួកគេជាសន្តិសុខនៅតាមរោងចក្រនេះតែម្តង។

រហូតមកដល់ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ជនសង្ស័យទាំង៦នាក់ កំពុងសួរនាំនៅកន្លែងព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការបន្តទៀត ខណ:ជនរងគ្រោះ (ពីដំបូងជាជនសង្ស័យ ពីព្រោះសេពគ្រឿងញៀន) ក៏នឹងចាត់ការផងដែរ៕