(កំពង់ធំ)៖ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោក អុិត សុធា នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានដឹកនាំកម្លាំងអាវុធហត្ថ ចុះទៅបង្ក្រាបការដាក់កុងត្រូលជជុះមួយកន្លែង ដើម្បីជំរិតទារប្រាក់ពីប្រជាពលរដ្ឋដឹកកសិផល និងអូសបន្តិចបន្តួច រហូតចាប់ខ្លួន មន្រ្តីរដ្ឋបាលព្រៃឈើម្នាក់ (មេព្រៃ) ប្រចាំនៅកំពង់ថ្ម និងអ្នកកាសែត២នាក់ទៀត ហើយបានបញ្ជូនទៅសួរនាំនៅទីបញ្ជាការដ្ឋានអាវុធហត្ថ ខេត្តកំពង់ធំ ដើម្បីចាត់ការតាមនីតិវិធី។
ប្រតិបត្តិការបង្ក្រាបការដាក់កុងត្រូលជជុះខាងលើនេះ បានធ្វើឡើងក្រោមបញ្ជាផ្ទាល់ពីសំណាក់អភិបាលខេត្តកំពង់ធំ លោក អ៊ុត សំអន ស្ថិតនៅចំណុចអូរធំ ឃុំក្រយា ស្រុកសន្ទុក។
លោក អិុត សុធា បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា ក្រោយទទួលបានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ និងមានសេចក្តីរាយការណ៍ពីគណ:បញ្ជាការឯកភាពស្រុក ទើបអភិបាលខេត្តបានបញ្ជា ឲ្យចុះបង្ក្រាបទប់ស្កាត់ ហើយលោកក៏ដឹកនាំកម្លាំងអាវុធហត្ថចុះទៅតែម្តង។
លោកព្រះរាជអាជ្ញាបានបញ្ជាក់ទៀតថា «យើងឃាត់ខ្លួន៣នាក់ ២នាក់ ពួកគេថាជាអ្នកសារព័ត៌មាន តែមិនដឹងនៅអង្គភាពណា និងម្នាក់ទៀតជាមេព្រៃនៅកំពង់ថ្ម ឈ្មោះ ហៀង ប៊ុនធឿន»។
បើតាមលោកព្រះរាជអាជ្ញា សកម្មភាពរបស់ពួកគេខាងលើនេះ បានធ្វើឲ្យប៉ះពាល់ដល់មុខមាត់ខេត្តយ៉ាងខ្លាំង និងជាពិសេសនោះ គឺប៉ះពាល់ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលពួកគាត់ ចំពេលប្រមូលស្រូវ និងដឹកអូសបន្តិចបន្តួច។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចខេត្ត បានឲ្យដឹងថា អ្នកកាសែតទាំង២នាក់នោះ រួមមានទី១ ស្គាល់ឈ្មោះ. មី. រដ្ឋា និងម្នាក់ទៀតអត់ស្គាល់ អត្តសញ្ញាណនោះទេ៕