(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាញឹកញាប់តែងតែប្រកាសអួតក្តែងៗប្រាប់សាធារណជនថា ពួកគេនឹងធ្វើពហិកា មិនចូលរួមប្រជុំ សភាជារៀងរហូត លុះត្រាណាតែតុលាការលើកលែងទោសដល់ជនល្មើស ដែលជាថ្នាក់ដឹកនាំ និងសកម្មជនគាំទ្របក្សខ្លួន ទើបពួកគេចូលរួមប្រជុំសភាវិញ។ ប៉ុន្តែនាពេលថ្មីៗនេះ ពួកគេស្រាប់តែបន្ទន់ឥរិយាបទ ចូលរួមប្រជុំសភាវិញ រីឯចំណុចដែលគួរឲ្យឆ្ងល់នោះ គឺមិនមានការចរចាអ្វីមួយជាមួយបក្សកាន់ អំណាចមុនពេលពួកគេចូលប្រជុំសភានោះទេ ហើយតុលាការក៏មិនបានលើកលែងទោសដល់ជនល្មើសដែលជាថ្នាក់ដឹកនាំ និងជាសកម្មជនគាំទ្របក្សប្រឆាំងនោះដែរ។ ដូច្នេះតើមានអ្វីនៅពីក្រោយការបត់បែនយ៉ាងលឿននេះ ?
តំណាងរាស្ត្របក្សប្រឆាំងមួយរូប បានទម្លាយឱ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការប្រែប្រួលលឿននេះបណ្តាលមកពីបំរែបំរួល គោលនយោបាយអន្តរជាតិ មិនមែនមកពីកត្តាក្នុងប្រទេសនោះទេ។ តំណាងរាស្ត្ររូបនោះបានបន្ថែមថា ការចាញ់ឆ្នោតរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជំហរបស់គណបក្សសង្គ្រោះជាតិ ព្រោះបក្សប្រឆាំង CNRP កន្លងមកនេះ តែងតែទទួលបញ្ជាអនុវត្តផែនការ និងចលនានានា ពឹងផ្អែកស្ទើរតែទាំងស្រុងលើជំនួយហិរញ្ញវត្ថុ គំនិតជាយុទ្ធសាស្ត្រ និងយុទ្ធវិធីពីសហរដ្ឋអាមេរិក ជាពិសេសពីលោកស្រី ហ៊ីលឡារី គ្លីនតុន។
ម៉្យាងវិញទៀតជាការរំពឹងទុក ដោយសង្ឃឹមយ៉ាងម៉ុតមាំនោះ គឺបើលោកស្រីហ៊ីលឡារី គ្លីនតុន ឈ្នះឆ្នោតធ្វើជាប្រធានាធិបតីដូចការគ្រោងទុកមែននោះ CNRP នឹងទទួលបានការជួយជ្រោមជ្រែង យកចិត្តទុកដាក់ខ្លាំងជាងមុនបន្ថែមទៀត ដូចជាសុំឲ្យលោកស្រី គ្លីនតុន លូកដៃចូលក្នុងផ្ទៃក្នុងកម្ពុជា ជាពិសេសស្នើសុំឱ្យលើក លែងទោសលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួន និងទម្លាក់ចោលបណ្តឹងទៅលើលោក កឹម សុខា ដែលកើតចេញពីរឿងអាស្រូវផ្លូវភេទ។
ប៉ុន្តែពេលនេះនាឡិកាដើរបញ្ច្រាស់ទិសហើយ ព្រោះគណបក្សប្រជាធិបតេយ្យរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ចាញ់ឆ្នោតដែលធ្វើឱ្យប៉ះពាល់ទាំងស្រុងដល់អំណាច និងសេចក្តីសម្រេចចិត្តរបស់គាត់ ដែលកត្តាទាំងនេះជះឥទ្ធិពលទាំងស្រុងផងដែរដល់ជំហរ និងចលនា ជាពិសេសទិសដៅរបស់គណបក្សសង្គ្រោះជាតិ។
អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា បានកត់សម្គាល់ឃើញថា ទំនាក់ទំនងរវាងបក្សប្រឆាំង CNRP និងលោកស្រី ហ៊ីលឡារី គ្លីនតុន ដែលមានសម្ព័ន្ធភាព និងសហការគ្នាជាយូរណាស់មកហើយ ដូចជា កាលពីឆ្នាំ២០០៩ បក្សប្រឆាំងធ្លាប់បញ្ជូនលោកស្រី មូរ សុខហួរ ទៅជួបលោកស្រី ហ៊ីលឡារី គ្លីនតុន នៅសហរដ្ឋអាមេរិក សំណូមពរឱ្យកាត់ជំនួយកម្ពុជាជាដើម។ នៅឆ្នាំ២០១២ នៅពេលលោកស្រី ហ៊ីលឡារី គ្លីនតុន ធ្វើដំណើរមកទស្សនកិច្ចក្នុងប្រទេសកម្ពុជា បានទៅជួបជាមួយថ្នាក់ដឹកនាំបក្សប្រឆាំង ហើយថែមទាំងបានអន្តរាគមន៍សុំឱ្យរដ្ឋាភិបាល ដោះលែងសកម្មជនបាតុករគណបក្សសង្គ្រោះជាតិ ដែលអុកឡុក បង្កភាពអាណាធិបតេយ្យនាពេលនោះថែមទៀតផង។
នៅឆ្នាំ២០១៣ លោកស្រី ហ៊ីលឡារី គ្លីនតុន ដើម្បីលើកទឹកចិត្តបាតុករ ឲ្យធ្វើបាតុកម្មឱ្យកាន់តែខ្លាំងនៅកម្ពុជា បានប្រគល់ពានរង្វាន់លើកទឹកចិត្ត ជូនសកម្មជនបាតុកម្ម គណបក្សសង្គ្រោះជាតិ នាង ទេព វុន្នី ដែលសកម្មខាងដឹកនាំ និងរៀបចំបាតុកម្មរបៀបប្លែកៗតាមបែបអាមេរិកទៀតផង រហូតមកដល់ពេលថ្មីៗនេះ ប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី បានប្រកាសជាឱឡារិកថាគាំទ្រលោកស្រី ហ៊ីលឡារី គ្លីនតុន យ៉ាងពេញទំហឹង ហើយចោទប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថាជាជនផ្តាច់ការទៀតផង។ ហើយជាពិសេសចុងក្រោយបង្អស់នេះ តាមការបញ្ជាក់របស់ តំណាងរាស្ត្រមួយរូបកូតា សម រង្ស៊ី បានបញ្ជាក់ថា លោកស្រី មូរ សុខហួរ បានទិញសំបុត្រយន្តហោះរួចហើយ ដើម្បីធ្វើដំណើរទៅអបអរជ័យជម្នះរបស់លោកស្រី គ្លីនតុន ក្នុងការបោះឆ្នោតនេះ។ តែជាអកុសល ការគ្រោងធ្វើដំណើរនេះត្រូវលុបចោលវិញ ដោយលោក ត្រាំ ទទួលបានជោគជ័យ។
បើតាមសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយមួយរូបបានលើកឡើងថា មានកត្តាពីរ ដែលធ្វើឱ្យមានការធ្លាក់ចុះយ៉ាងគំហុក នៃទំនាក់ទំនង និងការជួយជ្រោមជ្រែង របស់សហរដ្ឋអាមេរិកចំពោះបក្សប្រឆាំង។
ចំណុចទីមួយ៖ គឺគោលនយោបាយរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន និងលោក ដូណាល់ ត្រាំ មានភាពផ្ទុយពីគ្នា ១៨០ដឺក្រេ ដោយគោលនយោបាយលោកស្រី គ្លីនតុន ផ្តោតជារួមទៅលើសង្គ្រាម ការលូកដៃកកូកកាយផ្ទៃក្នុងប្រទេសផ្សេងៗ និងការត្រួតត្រាពិភពលោក ចំណែកឯលោក ត្រាំ វិញ ផ្តោតជារួមទៅលើសន្តិភាព និងការរីកចំរើនសេដ្ឋកិច្ចសហរដ្ឋអាមេរិក។
នៅពេលនេះលោក ត្រាំ ឈ្នះឆ្នោត ដូច្នេះគោលនយោបាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកថ្មីរូបនេះគឺប្រាកដជាផ្ទុយស្រឡះពីលោក បារ៉ាក់ អូបាមា និងលោក ស្រី ហ៊ីលឡារី គ្លីនតុន ដោយសហរដ្ឋអាមេរិកពេលនេះ នឹងដកដៃចេញពីការលូកលាន់ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់បណ្តាប្រទេសផ្សេងៗ ដែលខ្លួនបញ្ជា និងត្រួតត្រាមិនបាន ហើយបែរទៅផ្តោតសំខាន់ទៅលើកិច្ចការផ្ទៃក្នុងប្រទេសវិញ ដោយពង្រឹងសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយពន្ធ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ សហរដ្ឋអាមេរិក។
ចំណុចទីពីរ៖ គឺភាពឆោតល្ងង់ មិនចេះគិតវែងឆ្ងាយរបស់ប្រធានបក្សប្រឆាំងលោក សម រង្ស៊ី ផ្ទាល់តែម្តង ដោយសារតែការគាំទ្រផ្កាប់មុខសង្ឃឹមថា នឹងបានផល ប្រយោជន៍ធំនៅពេលលោកស្រី គ្លីនតុន ជាប់ឆ្នោត គឺហ៊ាននិយាយអួតលើកតម្កើងលោកស្រី គ្លីនតុន ខ្ពស់មេឃ ហើយបង្អាប់លោក ត្រាំ ទាបដល់ដី ដោយហៅលោក ត្រាំ ថាជាជនផ្តាច់ការ ដែលពាក្យនេះធ្ងន់ធ្ងរណាស់នៅពេលដែល មនុស្សដែលខ្លួនចោទថា ជាជនផ្តាច់ការក្លាយជាប្រធានាធិបតីថ្មីនៃប្រទេស ដែលខ្លួនតែងតែអួតថា ជាបិតាប្រជាធិបតេយ្យ។
យោងតាមគេហទំព័រផ្លូវការរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន បានផ្សាយពីគោលនយោបាយរបស់គាត់ ដែលក្នុងគោលនយោបាយសន្តិសុខជាតិរបស់គាត់ គឺបានសរសេរថា ប្រសិនបើឈ្នះឆ្នោត លោកស្រីនឹងបន្តផ្គត់ផ្គង់មកកាន់តំបន់នានារួមទាំង អាស៊ី ទៅកាន់ក្រុមដែលគាំទ្រខ្លួន និងប្រទេសជាដៃគូ ដែលនឹងចែករំលែក ផលប្រយោជន៍ដល់សហរដ្ឋអាមេរិកនាថ្ងៃអនាគត។ ចំណែកឯលោក ត្រាំ វិញនៅក្នុងគេហទំព័រផ្លូវការរបស់គាត់ គឺបង្ហាញពីគោលនយោបាយ ដែលពាក់ព័ន្ធដល់ការរីកចំរើនសេដ្ឋកិច្ច និងសន្តិភាព ដូចជាកាត់បន្ថយពន្ធ ការបណ្តេញជនអន្តោប្រវេសន៍ដែលតែងតែប្រព្រឹត្តបទល្មើសក្នុងប្រទេស ពង្រីកពាណិជ្ជកម្មពិភពលោក។ល។
ដូច្នេះអំណាចរបស់លោកស្រី គ្លីនតុន ប្រៀបបានដូចជាឆ្អឹងខ្នងរបស់បក្សប្រឆាំង ដែលទ្រទ្រង់បក្សនេះឲ្យមានភាពទំនើង ច្រងេងច្រងាងឈ្លើយមិនគោរពច្បាប់ និងបង្កើតចលនាអុកឡុងផ្សេងៗ ប៉ុន្តែនៅពេលនេះក្រោយលោកស្រី គ្លីនតុន ចាញ់ឆ្នោត ឃើញថា អំណាចរបស់លោកស្រីលែងមានទៀតហើយ លែងទ្រទ្រង់បក្សប្រឆាំងទៀត ដែលប្រៀបបានដូចជា បក្សសង្គ្រោះជាតិ «អស់ឆ្អឹងខ្នង ងើបឈរមិនកើត គ្មានចលនា ថែមទាំងទន់ជ្រាយ» ទើបបក្សប្រឆាំង វិលមកប្រជុំសភាវិញ អាចថាក្រែងលបានលេសរកដំណោះស្រាយនយោបាយ។ ប៉ុន្តែទោះយ៉ាងណាបក្សកាន់អំណាចបានព្រមានទុកជាមុនហើយថា សភាជាកន្លែងប្រជុំជជែកដេញដោលអនុម័តច្បាប់ ដែលមិនមែនជាកន្លែងដោះស្រាយបញ្ហារបស់បុគ្គលល្មើសច្បាប់ឱ្យរួចទោសនោះទេ៕
អត្ថបទដោយ៖ ជ័យ កម្ពុជា