(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបើកសិក្ខាសាលាជាតិ ស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៧ ដែលមានរយៈពេល២ថ្ងៃ នៅក្រសួងមហាផ្ទៃ។
ការបេីកសិក្ខាសាលានេះ ត្រូវបានធ្វើឡើង ក្រោមវត្តមាន លោកទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ហើយនឹងត្រូវបិទបញ្ចប់វិញ នៅថ្ងៃទី២៥ ខែវិច្ឆិកា ស្អែកនេះ ក្រោមអធិបតីភាព សម្ដេចក្រឡោហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប។ ក្នុងនោះដែរ ក៏មានការចូលរួមពី តំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ប្រមាណជាង៥០០នាក់ផងដែរ។
គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីពិភាក្សាអំពីលទ្ធផលរំពឹងទុក សម្រាប់ផែនការសកម្មភាព និងថវិកាឆ្នាំ២០១៧ និងបញ្ហាប្រឈមនានា ដែលបានអនុវត្តក្នុងឆ្នាំ២០១៦។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៧ ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានរដ្ឋសភាអនុម័ត ក្រោមសំឡេង៦៦ លើ១០៦រូប។ រាជរដ្ឋាភិបាល គ្រោងចំណាយថវិកាជាង ៥ពាន់លានដុល្លារអាមេរិក សម្រាប់ទ្រទ្រង់លើគ្រប់វិស័យ នៅឆ្នាំក្រោយ ដោយក្នុងនោះផ្តោតសំខាន់ភាគច្រើនទៅលើ «ចំណាយលើបន្ទុកបុគ្គលិក» ដូចជាបៀវត្សរ៍ មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធគ្រូបង្រៀន និង ការចំណាយលើវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈរបស់ប្រទេសជាដើម៕