(សៀមរាប)៖ នាយករដ្ឋមន្រ្តីកម្ពុជា ឡាវ និងវៀតណាម សម្តេចតេជោ ហ៊ុន សែន លោក ថុងលូន ស៊ីសូលីត និង លោក ង្វៀង ស៊ុនហ្វុក បានប្តេជ្ញារួមគ្នាថា នឹងប្រឹងប្រែងអភិវឌ្ឍន៍តំបន់មានព្រំដែនជាប់គ្នាទាំង៣ប្រទេស ដែលហៅថាតំបន់ត្រីកោណអភិវឌ្ឍន៍ (DTA) ឲ្យ ក្លាយទៅជាមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ដ៏ធំមួយនៅក្នុងតំបន់។
ការប្តេជ្ញាបានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាម ហៅកាត់ថា CLV លើកទី៩ នៅទីក្រុងសៀមរាបអង្គរ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញនេះ។ នៅក្នុងកិច្ចប្រជុំនោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលចម្រុះ (JCC) កម្ពុជា បានរាយការណ៍អំពីរបាយការណ៍វឌ្ឍនភាព ក៏ដូចជាបញ្ហាប្រឈមផ្សេងៗទាក់ទិនការអនុវត្តផែនការមេដែលបានកែប្រែឡើងវិញ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រទេស CLV, លទ្ធផលកិច្ចប្រជុំ CLV-JCC លើកទី១០ និងកិច្ចប្រជុំពាក់ព័ន្ធ និងលទ្ធផលកិច្ចប្រជុំកំពូល CLV លើកទី៨ ស្តីពី DTA នៅក្នុងប្រទេសឡាវ កាលពីឆ្នាំ២០១៤។
បន្ទាប់ពីបានស្តាប់របាយការណ៍ និងពិភាក្សាគ្នា នាយករដ្ឋមន្ត្រី នៃប្រទេសទាំងបី បានប្តេជ្ញាចិត្តបន្តអនុវត្តន៍ផែនការមេកែសម្រួលសម្រាប់ពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម សម្រាប់ DTA នៃប្រទេស CLV ឆ្នាំ ២០១០-២០២០ និងកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនឆ្លងកាត់ព្រំដែន (CBTA) នៅក្រោមកម្មវិធីមហាអនុតំបន់ទន្លេមេគង្គ (GMS)។
ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី បានអនុម័តឲ្យមានការចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួល និងជំរុញពាណិជ្ជកម្មរវាងប្រធាន JCC នៃប្រទេស CLV ដើម្បីពង្រីកការវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មសម្រាប់តំបន់ត្រីកោណ។
សម្តេចតេជោ ហ៊ុន សែន លោក ថុងលូន ស៊ីសូលីត និងលោក ង្វៀង ស៊ុនហ្វុក ក៏បានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការទូលំទូលាយ ដើម្បីប្រែក្លាយ CLV DTA ឲ្យទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ឧស្សាហកម្ម និងទេសចរណ៍ដ៏ធំនៅក្នុងតំបន់។
លើសពីនេះនាយករដ្ឋមន្ត្រីប្រទេស CLV បានស្វាគមន៍ចំពោះការបន្តផ្តល់ជំនួយផ្សេងៗរបស់ប្រទេសជប៉ុន និងដៃគូអភិវឌ្ឍន៍ ដើម្បីអភិវឌ្ឍន៍ DTA និងបានបង្ហាញជំហរគាំទ្រចំពោះការដាក់បញ្ចូលកម្មវិធីវេទិកាយុវជន, ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូល CLV លើកទី១០ ក៏ដូចជាគម្រោងអាទិភាពចំនួន១៥ ដែលស្នើឡើងដោយប្រទេសទាំងអស់ សម្រាប់ការអនុវត្តនាពេលអនាគត។
ការអភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) ត្រូវបានរំពឹងថា មានប្រជាពលរដ្ឋក្នុងខេត្តចំនួន១៣ នឹងទទួលបានប្រយោជន៍ពីការអភិវឌ្ឍន៍នេះ រួមមាន៖ ពលរដ្ឋខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ (ខេត្តក្នុងប្រទេសកម្ពុជា) ខេត្តអាត់ តាពី សាឡាវ៉ាត់ សេកុង និងខេត្តចំប៉ាសាក់ (ខេត្តក្នុងប្រទេសឡាវ) និងខេត្តកន់ទំ យ៉ាឡាយ ដាក់ឡាក់ ដាក់ណុង និង ខេត្តប៊ិញហ្វឿក (ខេត្តក្នុងប្រទេសវៀតណាម)៕