(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យ ផលិតផលហាឡាលកម្ពុជា បានដឹកនាំគណៈប្រតិភូម៉ាឡេស៊ី ដែលមានអគ្គនាយកក្រុមហ៊ុន HDC មន្រ្តីស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា រួមទាំងសមាជិក សមាជិកា សម្ព័ន្ឋយុវជនមុស្លិមកម្ពុជា រាជធានី និងខេត្តព្រះសីហនុ និងកំពត ដើម្បីអញ្ជើញទស្សនកិច្ចប្រព័ន្ឋផលិតកម្មរបស់សត្តឃាតដ្ឋាន នៃក្រុមហ៊ុន SLN Meat supply ជាក្រុមហ៊ុន សំឡេះវេចខ្ចប់ និងផលិតផ្គត់ផ្គង់សាច់គោអូស្ត្រាលី ទាំងក្នុងនិងក្រៅស្រុក ដែលធំលំដាប់ថ្នាក់លេខ២ នៅលើពិភពលោក ហើយនៅកម្ពុជា ជាលំដាប់ធំជាងគេបង្អស់ក្នុងតំបន់អាស៊ី។
លោក Datuk Seri Rizuan Abdul Hamid ប្រធានក្រុនហ៊ុនអភិវឌ្ឍន៍ហាឡាលម៉ាឡេស៊ី បានលើកឡើងពីគម្រោងវិនិយោគរបស់ខ្លួនជាមួយក្រុមហ៊ុន SLN Meat Supply កម្ពុជាប្រមាណ៥០លានដុល្លារ ដោយមើលឃើញពីសក្តានុពលសេដ្ឋកិច្ចរីកចំរើនរបស់កម្ពុជា ក៏ដូចជាវិសាលភាពរបស់ក្រុមហ៊ុនស្តង់ដាអន្តរជាតិ ដែលរងចំណូលរាប់រយលានដុល្លាក្នុងមួយឆ្នាំៗ។
ក្រៅពីនោះដោយមើលឃើញថា រដ្ឋាភិបាលកម្ពុជា ទើបចេញអនុក្រិតស្តីពីការបង្កើតគណៈកម្មាធិការហាឡាល ដែលមានក្រសួងពាណិជ្ជកម្មសហការជាមួយ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ធ្វើឲ្យក្រុមហ៊ុនរដ្ឋម៉ាឡេស៊ីមួយនេះ បានចាប់អារម្មណ៍ជាខ្លាំងទៅលើការវិនិយោគវិស័យសត្តឃាត និងផលិតសាច់វេចខ្ចប់បែបហាឡាលពីកម្ពុជា។
តាមការផ្តល់បទបង្ហាញរបស់លោក ជា តុលា ប្រធានមន្រ្តីហិរញ្ញវត្ថុរបស់ក្រុមហ៊ុន SLN Meat supply Pty Ltd បានឲ្យដឹងថា ជាជំហានចាប់ផ្តើម រោងចក្រមួយនេះផ្តល់ចង្វាក់ផលិតក្នុងកម្រិត៤០ទៅ ៥០ក្បាលក្នុងមួយម៉ោង ហើយប្រមាណ១០០ក្បាលក្នុង១ថ្ងៃ ដែលគោនិមួយៗមានទម្ងន់ពី៥០០ ទៅ៦០០គីឡូក្រាម។ ទីផ្សាផ្គត់ផ្គង់គឺសំដៅគ្រប់ប្រទេសក្នុងតំបនអាស៊ី ហើយជាក់ស្តែងសព្វថ្ងៃទីផ្សាធំជាងគេរបស់ក្រុមហ៊ុនលោកគឺប្រទេសហ្វីលីពីន និងប្រទេសចិន។
បន្ទាប់ពីទស្សនកិច្ចនៅសត្តឃាតដ្ឋាន លោក អូស្មាន ហាស្សាន់ ក៏បានជួបសំណេះសំណាលជាមួយប្អូនៗយុវជនខេត្តព្រះសីហនុ និងកំពត ដើម្បីផ្តល់ដំបូន្មាន ល្អដល់យុវជនអោយចូលរួមសកម្មក្នុងសកម្មភាពលើកស្ទួយសហគម។ លោកក៏រំលឹកដល់ប្អូនយុវជនឲ្យយកចិត្តទុកដាក់លើការទៅចុះឈ្មោះបោះឆ្នោត ដែលនៅ សល់តែប៉ុន្មានថ្ងៃទៀត នឹងផុតកំណត់ ជាពិសេសត្រូវសហការគ្នាផ្សព្វផ្សាយបន្តដល់សហគមន៍របស់យើងឲ្យគាត់យកចិត្តទុកដាក់ ទៅចុះឈ្មោះឲ្យខានតែបាន ព្រោះនៅសល់តែប្រមាណ១សប្តាហ៍ទៀតប៉ុណ្ណោះនឹងត្រូវបិទការចុះឈ្មោះបោះឆ្នោត៕