(ភ្នំពេញ)៖ យុវជនជាប់សង្ស័យមួយក្រុម មកពីទិញគ្រឿងញៀនដើម្បីប្រើប្រាស់ដោយជិះម៉ូតូត្រឡប់មកវិញ ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដែលកំពុង ឈរជើងយាមល្បាតក្នុងមូលដ្ឋាន ត្រូវឃាត់ខ្លួនបាន៧នាក់ ដកហូតថ្នាំញៀន៣កញ្ចប់ និងម៉ូតូ៣គ្រឿង ។
លោកវរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ករណីបង្ក្រាបក្រុមប្រើប្រាស់គ្រឿងញៀននេះ បានធ្វើឡើងនៅរសៀល ថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចមុខវត្តគៀនឃ្លាំង តាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកអធិការរង បានបញ្ជាក់ទៀតថា បន្ទាប់ពីបក្ខពួកជនសង្ស័យមួយក្រុម ជិះម៉ូតូមកពីទិញគ្រឿងញៀនដើម្បីយកទៅជក់ ហើយក៏ឆ្លងកាត់ផ្លូវជាតិលេខ៦A ដែលជាគោល ដៅរបស់សមត្ថកិច្ចមូលដ្ឋានយាមល្បាតពួនស្ទាក់ឃើញមានការសង្ស័យ ក៏ធ្វើការឃាត់ដើម្បីត្រួតពិនិត្យជាបន្តបន្ទាប់ស្រាប់ តែរកឃើញក្រាមសថ្លាជាថ្នាំញៀន៣កញ្ចប់ ដែលជនមួយក្រុមនេះ បានរក្សាលាក់ទុកនៅនិងខ្លួនក្នុងបំណងយកទៅប្រើប្រាស់ ទើបឈានដល់ការឃាត់ខ្លួន និងដកហូតម៉ូតូ៣គ្រឿង ទី១៖ម៉ាកSmah V ពាក់ស្លាកលេខភ្នំពេញ1BT-3262 ទី២៖ម៉ាក C110 ពាក់ស្លាកលេខកណ្ដាល1K-6992 ទី៣៖ម៉ាក C125 ឆ្នាំ២០១៥ គ្មានស្លាកលេខ ។
លោកវរសេនីយ៍ត្រី បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន ទី១៖ឈ្មោះរី សារ៉ាត់ អាយុ២៨ឆ្នាំ ទី២៖ឈ្មោះហុង ដាវីន អាយុ១៧ឆ្នាំ ជនសង្ស័យទាំង២នាក់ ស្នាក់នៅ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ទី៣៖ឈ្មោះពិសិដ្ឋ កក្កដា អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប ទី៤-ឈ្មោះ រ៉ា សុផល អាយុ២២ឆ្នាំ ទី៥៖ឈ្មោះ រ៉ុម ភារិទ្ធ អាយុ២២ឆ្នាំ មុខរបររត់ម៉ូតូឌុប ជនសង្ស័យទាំង២នាក់ស្នាក់នៅ ភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល ទី៦៖ឈ្មោះ ណាត់ កុសល អាយុ១៨ឆ្នាំ មុខរបរជាសន្តិសុខ ស្នាក់នៅក្នុងខណ្ឌទួលគោក និងទី៧៖ឈ្មោះ ម៉ៃ ប៊ុនធឿន អាយុ១៦ឆ្នាំ។
ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង៧នាក់ រួមជាមួយវត្ថុតាង ត្រូវបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីបន្តសាកសួរ និងចាត់ការតាមនីតិវិធី៕