(ភ្នំពេញ)៖ រដ្ឋមន្ដ្រីម៉ម ​ប៊ុនហេង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ទិសដៅជាក់លាក់មួយថា ក្នុងឆ្នាំ២០២៥ខាងមុខនេះ ជំងឺអេដស៍ មេរោគអេដស៍ នឹងត្រូវលុបបំបាត់ទាំងស្រុង ដោយធ្វើយ៉ាងណាឲ្យបានមុនផែនការរបស់អង្គការសហប្រជាជាតិ ដែលកំណត់ឲ្យប្រទេសជាសមាជិក ត្រូវលុបបំបាត់ជំងឺអេដស៍ ត្រឹមឆ្នាំ២០៣០ ។

រដ្ឋមន្ដ្រីថ្លែងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Steve Kraus នាយកប្រតិបតិ្តអង្គការ UNAIDS (អង្គការសហប្រជាជាតិ United Nation Joint Programmer on HIV/AIDS) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នាទីសី្តការក្រសួងព្រឹកថ្ងៃទី២៣ ខែវិចិ្ឆកានេះ ។

លោករដ្ឋមន្ដ្រីបន្ដថា បច្ចុប្បន្នភាពព័ត៌មានថ្មីៗ ទៅនឹងគោលនយោបាយរបស់ក្រសួង ក្នុងការលុបបំបាត់ទៅនឹងការឆ្លងថ្មី នៃមេរោគអេដស៍ នាឆ្នាំ២០២៥ ។ ដោយលើកនូវទិសដៅសំខាន់ៗ គឺធ្វើតេស្តឈាមឲ្យបានលឿន ដើម្បីរកអ្នកដែលផ្ទុកមេរោគអេដស៍ ដែលពុំដឹងពីស្ថានភាព នៃការឆ្លង និងផ្តល់ការព្យាបាលភ្លាមៗ ដើម្បីបញ្ចប់ ឬលុបបំបាត់នៃការឆ្លងថ្មីនៃមេរោគអេដស៍នាឆ្នាំ២០២៥ ហើយក្រសួង បានបញ្ចូលសេវាធ្វើតេស្តឈាមរកមេរោគអេដស៍ សេវាព្យាបាលថែទាំ ទៅក្នុងប្រព័ន្ធសុខាភិបាល ដូច្នេះបានមន្រី្តសុខាភិបាលនៅកម្ពុជា សម្រេចការងារនេះបានលឿន ។

​លោករដ្ឋមន្រី្ត បានបញ្ជាក់ថា «ក្នុងឆ្នាំ២០១៦នេះ អ្នកដែលរស់នៅជាមួយមេរោគអេដស៍មានចំនួន៧២,០០០នាក់ បានព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ មានចំនួន៥៧០០០នាក់ (ស្មើ៧៥%) នៅសល់នៅខ្វះ១៥០០០នាក់ទៀត ដែលកំពុងរកសព្វថ្ងៃ ហើយត្រូវរកគាត់ឲ្យឃើញ ថាតើគាត់ស្លាប់ តើគាត់ចំណាក់ស្រុក ឬគាត់សង្ងំទៅចម្លងដល់អ្នកដទៃទៀត នេះជាការបារម្ភ ទើបក្រសួងត្រូវធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកអ្នកផ្ទុកមេរោគអេដស៍ចំនួន១៥,០០០នាក់នេះ យកមកព្យាបាល ជូនថ្នាំ និងថែទាំសុខភាពរបស់ពួកគាត់ ព្រោះទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាលុបបំបាត់ជំងឺអេដស៍ ឲ្យអស់ជំងឺអេដស៍ ឈប់ឲ្យមានការឆ្លងថ្មី នៅឆ្នាំ២០២៥ ប៉ុន្តែក្នុងពេលថ្មីៗនេះ អង្គការសហប្រជាជាតិ បានបើកនឹងកំណត់ប្រទេសនៅជុំវិញពិភពលោក ក្នុងឆ្នាំ២០៣០ ត្រូវលុបបំបាត់ជំងឺអេដស៍»។

លោក Steve Kraus កោតសរសើរដល់កម្ពុជា​ក៏ដូចជាក្រសួងសុខាភិបាល ដែលបានគាំទ្រ និងខិតខំបញ្ចប់ និងកាត់បន្ថយនូវមេរោគអេដស៍ រយៈពេល២៥ឆ្នាំមកនេះ និងលុបបំបាត់នូវការឆ្លងថ្មី នៃមេរោគអេដស៍ នាឆ្នាំ២០២៥ ដែលមានកំរិតខ្ពស់បំផុតគឺ១.៧%-១.៨% កាលពីឆ្នាំ១៩៩៨ មកដល់បច្ចុប្បន្ននេះ នៅសល់០.៥% - ០.៦% និងបានទប់ស្កាត់នូវការឆ្លងថ្មី នៃមេរោគអេដស៍ ពី១០០នាក់ ក្នុងមួយថ្ងៃ មកនៅត្រឹម២នាក់ ក្នុងមួយថ្ងៃ នាពេលសព្វថ្ងៃ (១០០នាក់ កាលពីឆ្នាំ១៩៩៨) នេះជាជោគជ័យមួយ ដែលកម្ពុជា សម្រេចបាន ។

ទន្ទឹមនឹងនោះ រដ្ឋមន្រី្ត ក៏បានថ្លែងអំណរគុណ ចំពោះអង្គការសហប្រជាជាតិ កន្លងមក តែងតែគាំទ្រដល់សកម្មភាពកាត់បន្ថយនៃការឆ្លងមេរោគអេដស៍ ក៏ដូចជាបង្កើននូវការព្យាបាលជំងឺអេដស៍ជូនពលរដ្ឋកម្ពុជានេះផងដែរ ៕