(កណ្ដាល)៖ កម្លាំងនគរបាលស្រុកោះធំ ខេត្តកណ្តាល បានចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀន ដកហូតបានថ្នាំ៧កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិចុងព្រែក ឃុំព្រែកស្ដី ស្រុកកោះធំ។
លោកវរសេនីយ៍ទោ ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួនបាននេះ ជាមុខសញ្ញាចាស់ដែលទើបចេញពីពន្ធនាគារកាលពីខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ ហើយមិនបានកែប្រែខ្លួននោះទេ បែរជាបន្ដប្រព្រឹត្តសកម្មភាពចាស់ដ៏ដែល។ លោកអធិការបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ រិត សារ៉ាន់ អាយុ២៥ឆ្នាំ។
ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញ ដកហូតបាន ថ្នាំញៀនក្រាមពណ៌សថ្លា (ម៉ាទឹកកក Ice) ចំនួន៧កញ្ចប់ ទូរស័ព្ទដៃមួយគ្រឿង និងវត្ថុតាងមួយចំនួនទៀត។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលក់គ្រឿងញៀនប្រាកដមែន។
បើតាមលោកអធិការ នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៦ ជនសង្ស័យរូបនេះត្រូវបានតុលាការដោះលែងចេញពីពន្ធនាគារវិញ។
បន្ទាប់ពីរួចទោសទណ្ឌចេញពីពន្ធនាគារមានសេរីភាពរួចមក ជនសង្ស័យ រិត សារ៉ាន់ មិនមានការរាងចាល និងខ្លាចរអាអំពីច្បាប់នោះទេ គឺបានចាប់ផ្ដើមលក់គ្រឿង ញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋានភូមិចុងព្រែក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល។
លុះនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ១៤ និង ៤០នាទី ក្រោយពីការតាមដានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់សមត្ថកិច្ច និងបានទទួលព័ត៌មានពីមហាជនល្អថា ជនសង្ស័យឈ្មោះ រិត សារ៉ាន់ កំពុងធ្វើ សកម្មភាពលក់គ្រឿងញៀន នៅចំណុចភូមិចុងព្រែក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ភ្លាមនោះសមត្ថកិច្ចនគរបាលស្រុកកោះធំ បានចុះដល់កន្លែងកើតហេតុ ហើយបានចាប់ឃាត់ខ្លួនជនសង្ស័យ រិត សារ៉ាន់ ត្រួត ពិនិត្យឃើញថ្នាំញៀន(ម៉ាទឹកកក Ice)ចំនួន ០៧កញ្ចប់តូច នៅនឹងខ្លួនជនសង្ស័យតែម្តង។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕