(ពោធិ៍សាត់)៖​ លោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ តំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ បានបន្តសកម្មភាព សំណេះ សំណាល​ ចុះសួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌​ ជូន​​ ចាស់គ្មានទីពឹង​ គ្រួសារទីទ័លក្រ​ គ្រួសារជនពិការ​ និងអ្នកផ្ទុកមេរោគអេដស៍​ ចំនួន​ ១,៤៧៩គ្រួសារ​ ផ្សេងទៀត​ នៅខេត្តពោធិ៍សាត់​ នៅថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ២០១៦​។ ការចែកអំណោយនេះ បានធ្វើឡើងនៅទីតាំងចំនួន​ ២​កន្លែង គឺ​ នៅវត្តហ្លួង​ចំនួន​ ៨៦៨គ្រួសារ អញ្ជើញមកពីសង្កាត់ចំនួន​ ៧​ នៃក្រុងពោធ៍សាត់​ និងនៅវត្តពោធិ៍​ ចំនួន​ ៦១១គ្រួសារ​ មកពីឃុំចំនួន​ ៩​ នៃស្រុកកណ្តៀង។

ក្នុងឱកាសនោះ​ លោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​ ១​ កាកបាទក្រហមកម្ពុជា​ បានលើកឡើង ពីការយកចិត្តទុកដាក់​ និងគិតគូជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋពីសំណាក់ថ្នាក់ដឹកនាំ កាកបាទ ក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។​

ទន្ទឹមនឹងនោះ​ លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើពី​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព ដោយមានអនាម័យល្អក្នុងការរស់នៅ ពិសាទឹកដាំឆ្អិន សម្អាតបរិស្ថានជុំវិញផ្ទះ និងលុបបំបាត់ជម្រកសត្វមូស ដែលជាប្រភពចម្លងជំងឺផ្សេងៗ។​ ចំពោះអ្នកផ្ទុកមេរោគអេដស៍​ សូមទៅពិនិត្យសុខភាព​ និងលេបថ្នាំពន្យាជីវិតទៅតាមកាលកំណត់របស់គ្រូពេទ្យ​ជា ពិសេស​ ចំពោះស្ត្រីមានផ្ទៃពោះ សូមទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ ដើម្បីបង្ការការឆ្លងមេរោគពីម្តាយទៅកូន​ និងទៅសម្រាលកូននៅមណ្ឌលសុខភាព។

លោកស្រី ម៉ែន នារីសោភ័គ បានស្នើសុំឲ្យប្រជាពលរដ្ឋមានស្មារតីប្រុងប្រយ័ត្នខ្ពស់ពីការធ្វើដំណើរតាមដងផ្លូវ​ ដោយ​រួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោក​ ពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ​ កុំបើកបរហួសល្បឿនកំណត់​ ឬជែងគ្នា​ និងបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។​ ជាងនេះទៅទៀត សូមចូលរួមជៀសឱ្យឆ្ងាយពីគ្រឿងញៀន​ និងគ្រឿងស្រវឹង​ ដែលជាហេតុនាំឱ្យមានអំពើហិង្សា​ និងមហន្តរាយផ្សេងៗដល់ក្រុមគ្រួសារ​ និង សង្គមជាតិ។​បន្ថែមពីនេះ​ សូមប្រជាពលរដ្ឋ​ ត្រៀមបង្ការ ពីការកើនឡើងកម្តៅខ្លាំង ក្នុងរដូវប្រាំងខាងមុខនេះ​ ដោយត្រូវរក្សាប្រភពទឹកប្រើប្រាស់ឱ្យបានគ្រប់គ្រាន់។​

គួរបញ្ជាក់ថា គ្រួសារនីមួយៗទទួលបាន​ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សារុង១ មុង១ ភួយ១ ក្រមា១ ទឹកសុទ្ធ១ដប នំបុ័ង ១ដើម ព្រមទាំង​ប្រគេនព្រះសង្ឃគង់ នៅវត្តទាំងពីរខាងលើ​ បច្ច័យ​ និងគ្រឿងឧបភោគ បរិភោគមួយចំនួនផងដែរ៕