(ភ្នំពេញ)៖ ស្របពេលដែលសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៧ បានឆ្លងផុតរដ្ឋសភា ហើយកំពុងបន្តតាមនីតិវិធីចែងច្បាប់តាមលំដាប់លំដោយនោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃនេះ បានបង្ហាញពីគោលការណ៍សំខាន់របស់ខ្លួនចំនួន៨ចំណុច ក្នុងការរៀបចំគម្រោងចំណាយថវិកាសម្រាប់ឆ្នាំក្រោយនេះ។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៧ ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានរដ្ឋសភាអនុម័តកាលពីម្សិលមិញ ក្រោមសំឡេង៦៦ លើ១០៦រូប។ រាជរដ្ឋាភិបាល គ្រោងចំណាយថវិកាជាង ៥ពាន់លានដុល្លារអាមេរិក សម្រាប់ទ្រទ្រង់លើគ្រប់វិស័យ នៅឆ្នាំក្រោយ ដោយក្នុងនោះផ្តោតសំខាន់ភាគច្រើនទៅលើ «ចំណាយលើបន្ទុកបុគ្គលិក» ដូចជាបៀវត្សរ៍ មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធគ្រូបង្រៀន និង ការចំណាយលើវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈរបស់ប្រទេសជាដើម។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា គោលការណ៍ទាំង៨ចំណុចនោះ ក្នុងការរៀបចំថវិកានៅឆ្នាំ២០១៧នោះ រួមមានដូចខាងក្រោម៖
១/-ការរិះរក និងឆ្កឹះរកប្រភពចំណូលៈ ដើម្បីបង្កើនចំណូលថវិកាឱ្យអស់លទ្ធភាព ហើយផ្អែកលើមូលដ្ឋាននេះ គិតគូររៀបចំចំណាយឱ្យកាន់តែចំទិសដៅគោលនយោបាយ និងសន្សំសំចៃខ្ពស់។
២/-ការកំណត់លំដាប់អាទិភាពៈ តាមរយៈការបន្តនូវភាពម៉ឺងម៉ាត់ និងការសម្រួចលើ ការលើកកម្ពស់ប្រសិទ្ធភាពនៃការវិភាជ ដោយផ្តោតការយកចិត្តទុកដាក់ ទៅលើវិស័យអាទិភាព របស់រាជរដ្ឋាភិបាល ព្រមទាំងទៅលើកម្មវិធី/ សកម្មភាពចាំបាច់ជាអាទិភាពរបស់ក្រសួង-ស្ថាប័ន។ ក្នុងន័យនេះ, កំណើនថវិកាត្រូវបានផ្តល់ អាទិភាពជាសំខាន់ទៅលើកម្មវិធី/អនុកម្មវិធី/សកម្មភាពណា ដែលអាចរំពឹងថានឹងសម្រេចបានលទ្ធផលជាក់លាក់ ជាពិសេស សកម្មភាពណា ដែលអាចសម្រេចបានលទ្ធផលច្រើនដោយចាយថវិកាតិច។ លើសពីនេះ, ក្នុងករណីដែលលទ្ធភាពថវិកានៅតែមិនអាចឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពថ្មី របស់ក្រសួង-ស្ថាប័ន, មុខចំណាយជាប្រចាំមួយចំនួនក៏ត្រូវបានយកមកពិនិត្យធ្វើអាទិភាពឡើងវិញដែរ។
៣/-ការយកចិត្តទុកដាក់លើមនុស្សៈ ទន្ទឹមនឹងបន្តបង្កើនប្រាក់បៀវត្សអប្បរមា ជូនមន្ត្រីរាជការគ្រប់ប្រភេទ ឆ្ពោះទៅច្រើនជាង ១ លានរៀល នៅឆ្នាំ ២០១៨, ថវិកាឆ្នាំ ២០១៧បានដាក់ចេញថែមទៀត នូវវិធានការពន្ធដារពាក់ព័ន្ធនឹងការសម្រួលកម្រិតជាប់ពន្ធនៃប្រាក់បៀវត្ស ដើម្បីផ្តល់ការលើកទឹកចិត្ត និងរួមចំណែកលើកកម្ពស់ជីវភាពដល់មន្រ្តីរាជការ ពិសេស គ្រូបង្រៀន និងគ្រូពេទ្យ ព្រមទាំងកម្មករនិយោជិតដែលមានបៀវត្សទាប។ លើសពីនេះ, ថវិកាឆ្នាំ ២០១៧ ក៏បានផ្តល់អាទិភាពដល់ការកសាងនិងពង្រឹងធនធានមនុស្ស និងផ្តល់ការយកចិត្តទុកដាក់ដល់ការឧបត្ថម្ភគាំទ្រចំពោះមនុស្ស ដែលត្រូវទទួលខុសត្រូវក្នុងការអនុវត្តការងារផ្ទាល់ ក៏ដូចជាការពង្រឹងគុណភាពសេវាសាធារណៈ ដែលផ្តល់ប្រយោជន៍ផ្ទាល់ដល់ប្រជាជនទូទៅ។
៤/-ការកំណត់តម្លៃជាក់ស្តែងនៃកម្មវិធី/សកម្មភាពៈ ដោយគិតគូរឱ្យកាន់តែហ្មត់ចត់លើភាពសមស្របនៃថ្លៃ, បរិមាណ, និងគុណភាព ក្នុងការអនុវត្ត កម្មវិធី/សកម្មភាពតាំងពី ក្នុងដំណាក់កាលនៃការរៀបចំថវិកា ចៀសវាងការលើកគម្រោងចំណាយមានលក្ខណៈ ច្បោលៗ និងក្នុងលក្ខណៈប្រថុច-ញ៉ុច ដែលធ្វើឱ្យការវិភាជថវិកាមិនសូវមានប្រសិទ្ធភាព ហើយខ្ជះខ្ជាយថវិកានៅពេលអនុវត្ត។
៥/-ការផ្ទេរថវិកាឱ្យដល់អង្គភាពអនុវត្ត, ពិសេសនៅក្នុងវិស័យអាទិភាព ពោលគឺ វិស័យអប់រំនិង សុខាភិបាល, ដោយបង្កើនការផ្ទេរថវិកាឱ្យទៅដល់អង្គភាពអនុវត្ត ការងារផ្ទាល់ ដែលនៅក្រោមឱវាទក្រសួង-ស្ថាប័ននៅរដ្ឋបាលកណ្តាល ឬនៅតាមមូលដ្ឋាន ដូចជាសាលារៀន, មន្ទីរពេទ្យ និងមណ្ឌលសុខភាពជាដើម។ល។ ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពចំណាយ ជាពិសេស ធានាបាននូវភាពទាន់ពេលវេលា និងការទទួលខុសត្រូវច្បាស់លាស់ នៅក្នុងការគ្រប់គ្រង និងចាត់ចែងអនុវត្តថវិកា។
៦/-ការផ្សារភ្ជាប់រវាងការប្រមូលចំណូល និងការវិភាជថវិកាៈ តាមរយៈវិធានការផ្សារភ្ជាប់ការ- វិភាជថវិកា ទៅនឹងលទ្ធផលនៃការអនុវត្តចំណូល ជាពិសេស ផ្តល់អាទិភាពលើចំណាយមិនមែន-បុគ្គលិកដល់ក្រសួង-ស្ថាប័ន ដែលកៀរគរចំណូលបានដោយការខិតខំអនុវត្តសកម្មភាពប្រមូលចំណូល ហើយបានបង់ចំណូលមួយភាគធំចូលថវិការដ្ឋ, ទន្ទឹមនឹងការរឹតត្បិតលើការស្នើសុំបង្កើនថវិកា ចំពោះក្រសួង-ស្ថាប័នដែលការប្រមូលចំណូលមិនអាចសម្រេចបានលទ្ធផលសមស្របតាមសក្តានុពលជាក់ស្តែង ឬដែលមានទំហំចំណែកប្រាក់រង្វាន់ធំ។
៧/-ការរក្សាតុល្យភាពថវិកាៈ ទោះបីជាស្ថិតក្រោមសម្ពាធនៃតម្រូវការចំណាយដែលចេះតែកើនឡើងជាលំដាប់ ជាពិសេស សម្ពាធនៃចំណាយបន្ទុកបុគ្គលិក ចំណាយចរន្តមិនមែនបន្ទុកបុគ្គលិកដែលកើតឡើងថ្មីៗ ព្រមទាំងចំណាយវិនិយោគដើម្បីជំរុញការអភិវឌ្ឍ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន, ហើយនៅក្នុងពេលដំណាលគ្នានេះ ការប្រមូលចំណូលក៏នៅបន្ដជួបបញ្ហាប្រឈម និងហានិភ័យមួយចំនួនធំក៏ដោយ, ការរៀបចំថវិកាឆ្នាំ ២០១៧ ត្រូវបានធ្វើលើមូលដ្ឋាន នៃការ-ធានាឱ្យបាននូវតុល្យភាព ហើយទន្ទឹមនឹងនេះក៏មានការត្រៀមបម្រុងសម្រាប់សេចក្តីត្រូវការមិនបានគ្រោងទុក និងសម្រាប់ការធ្វើអន្តរាគមន៍ចាំបាច់ ជាយថាហេតុរបស់រាជរដ្ឋាភិបាល ក្នុងវិស័យសេដ្ឋកិច្ច និងសង្គមផងដែរ។
៨/-ការគ្រប់គ្រងបំណុលសាធារណៈ ប្រកាន់ខ្ជាប់នូវគោលការណ៍គន្លឹះចំនួន ០៤ របស់សម្តេចតេជោនាយករដ្ឋមន្ត្រីគឺ (១)-ត្រូវខ្ចីឥណទានក្នុងទំហំសមស្រប ដែលស្ថានភាពថវិកានិងសេដ្ឋកិច្ចអាចទ្រទ្រង់បាន, (២)-ត្រូវខ្ចីតែឥណទានដែលមានកម្រិតសម្បទានឬលក្ខខណ្ឌអនុគ្រោះខ្ពស់, (៣)-ត្រូវខ្ចីសម្រាប់តែវិស័យ អាទិភាពទ្រទ្រង់ចីរភាពនៃកំណើន និងវិស័យបង្កើនផលិតភាពនិងប្រសិទ្ធភាពសេដ្ឋកិច្ច, (៤)-ត្រូវប្រើប្រាស់ឥណទានទាំងនោះ ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្តិសិទ្ធិភាពខ្ពស់បំផុត៕