(ភ្នំពេញ)៖ បន្ទាប់ពីប្អូន​ស្រី​បង្កើត ​និង​ក្រុមគ្រួសារ​ បានចេញមកបំភ្លឺ​ជុំវិញ​ការ​រារាំង​មិន​អនុញ្ញាត​ឲ្យ​ប្រពន្ធ​និង​កូន​ នាំ​បងប្រុសរបស់ខ្លួនទាំងមានជំងឺ​ចេញ​ពី​ផ្ទះ​ ដែលករណីនេះបាន​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ដល់ប្រជាពលរដ្ឋរស់នៅជិតខាង នៅ​ចំណុច​ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌ​ឫស្សី​កែវ។

ដោយនៅរសៀលថ្ងៃទី​២៣​ ខែ​វិច្ឆិកា​ ឆ្នាំ២០១៦នេះ បញ្ហាជម្លោះផ្ទៃក្នុងគ្រួសារមួយនេះ ត្រូវបានខាងភាគីប្រពន្ធ និងកូន សុំបកស្រាយជុំវិញ​​ការចង់យកប្តី និងឪពុករបស់ខ្លួនមកផ្ទះវិញ ដោយមានខ្លឹមសារទាំងស្រុង៖

នាងខ្ញុំសូមរៀបរាប់ពីដំណើររឿង ឪពុកនាងខ្ញុំបានធ្លាក់ពិការដោយសារជំងឺដាច់សសៃឈាមខួរក្បាលនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤ ហើយពួកខ្ញុំជាកូន និងប្រពន្ធ បានបញ្ចូនគាត់ទៅពេទ្យបំរុងរ៉ាត់ជាបន្ទាន់ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤ ហើយខ្ញុំក៏បានបញ្ជូនដំណឹងដល់បងប្អូនគាត់ដែរ តែគេមិនបានអើពើទេ។
ការសម្រាកព្យាបាលលើកទី១៖ ក្នុងរយៈពេល១ខែដំបូងពួកខ្ញុំបានចំណាយអស់ជាង ៥០០០០ដុល្លារ ហើយការព្យាបាលនេះមាន រយៈពេល២ដង រយៈពេលជិត ២ខែ។ ហើយក្រោយមកទៀត ដោយមិនមានការប្រែប្រួលពួកខ្ញុំក៏សម្រេចយកគាត់ទៅពេទ្យវៀតណាមម្តង អស់រយៈពេលប្រហែលកន្លះខែទៀត តែដោយសារឪពុករបស់ខ្ញុំគាត់យំនឹកផ្ទះពេក ទើបពួកខ្ញុំសម្រេចចិត្តុគាត់មកសម្រាកព្យាបាលនៅផ្ទះបន្តវិញ ដោយមានវេជ្ជបណ្ឌិតទៅពិនិត្យ និងតាមដានសុខភាពរាល់ថ្ងៃ។

សូមបញ្ជាក់ថា នៅក្នុងកំឡុងពេលដែលខ្ញុំយកឪពុកទៅពេទ្យបងប្អូនគាត់បានឲ្យលុយមក តែ៦០០០០បាតតែប៉ុណ្ណោះ ហើយមកអើតម៉ាភ្លែតៗបានតែ ២,៣ប៉ុណ្ណោះ រហូតមកទល់ថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៦ ទើប គឹម ចាន់ធឿន មកសុំប៉ាខ្ញុំសុំយកប៉ាទៅលេងផ្ទះយាយ ៣-៤យប់ ហើយក្រោយមកនាងខ្ញុំ សុំឪពុកយកមកវិញជារឿយៗ ប៉ុន្តែពួកគាត់តែងតែមានលេសមិនអោយឪពុកនាងខ្ញុំត្រឡប់មកផ្ទះវិញទេ។ ហើយនៅមុនថ្ងៃភ្ជុំ នាងខ្ញុំរួមទាំងបងប្អូនទៅលេង ឪពុកដែលស្នាក់នៅផ្ទះយាយជាធម្មតា, តែពេលទៅដល់ជួបឪពុកភ្លាម គាត់បានប្រាប់នាងខ្ញុំ និងបងប្អូននាងខ្ញុំថា ប៉ានឹកផ្ទះ ចង់ទៅផ្ទះ...ភ្លាមៗ នាងខ្ញុំបានសុំការអនុញាតិ ពីពូៗ មីងៗ និងលោកយាយដើម្បីយកឪពុកត្រឡប់មកផ្ទះវិញ ស្រាប់តែពួកគាត់ប្រើពាក្យប្រកែកដាច់អហង្ការ មិនអោយនាងខ្ញុំ និង បងប្អូនយកឪពុកត្រឡប់មកផ្ទះវិញ។

ក្រោយមកនាងខ្ញុំនៅតែសួរនាំ ទទូចសុំអង្វរពួកគាត់រឿងយកឪពុកត្រឡប់មកវិញដែរ តែនៅតែមិនបានផល ស្រាប់តែពួកគាត់បែរជាដាក់ពាក្យបណ្តឹងទៅតុលាការ សុំសិទ្ធរក្សា ការពារឪពុករបស់នាងខ្ញុំដោយចោទប្រកាន់ថាគ្រួសារនាងខ្ញុំបោះបង់ឳពុកនាងខ្ញុំចោលទៅវិញក្នុងបំណងមិនអោយឪពុកនាងខ្ញុំបានត្រឡប់មកផ្ទះវិញ។ តើហេតុអ្វីពួកគាត់ធ្វើបែបនេះ?

តែពេលនេះរឿងក្តីនេះ ត្រូវបានចៅក្រមចេញសាលក្រមសម្រេចហើយ ដោយអោយនាងខ្ញុំ ព្រមទាំងម្តាយ និង បងប្អូន ទទួលបាននូវសិទ្ធរក្សាការពារ និងទទួលយកឪពុកមកផ្ទះវិញ។ ហើយព្រឹកមិញថ្ងៃអង្គារទី ២២ខែវិច្ឆិកា ២០១៦ នេះតុលាការបានចុះទៅអនុវត្តដីការ ដោយមានព្រះរាជ្ញាហ៊ឹង ប៊ុនថន ព្រមទាំងសហការីចុះអនុវត្តផ្ទាល់ប៉ុន្តែ (ពូៗ និង មីងៗ) នៅតែបន្តមានឆន្ទះនិងរារាំងមិនព្រមប្រគល់ឪពុកឲ្យមក នាងខ្ញុំដដែល ទោះបីមានការសម្រេច ពីតុលាការក៏ដោយមកដល់ពេលនេះ ការអនុវត្តត្រូវបានពន្យាធ្វើឲ្យនាងខ្ញុំមិនអាចយកឳពុកខ្ញុំមកវិញបាន។
នាងខ្ញុំមានការព្រួយបារម្ភឪពុកជាខ្លាំងពីព្រោះសភាពជំងឺគាត់មិនប្រក្រតី។ សូមបញ្ជាក់ថា កាលពីថ្ងៃដែលចុះអនុវត្តដីកានោះ ស្រាប់តែលេចលឺពាក្យចេញពីមាត់ គឹម សុណារ៉ា ថា គេបានដាក់ពាក្យបណ្តឹងតាមឆន្ទះឪពុកខ្ញុំ លែងលះម្តាយខ្ញុំទៅវិញ។ សូមមិត្តអ្នកអានទាំងអស់ ជួយពិចារណាថា តើមនុស្សឈឺឯណាមាន ឆន្ទះចង់លែងប្រពន្ធ បែកកូន? ដោយកន្លងមកពួកយើងរស់នៅសុខដុមរមនានឹងគ្នាណាស់ ហើយហេតុអីក៏រឿងនេះកើតឡើងស្របពេល ឪពុកខ្ញុំកំពុងតែបែកពីខ្ញុំ ហើយខ្ញុំត្រូវបានទទួលសិទ្ធយកគាត់មកផ្ទះវិញដូច្នេះ?

ទោះជាយ៉ាងណា នេះគ្រាន់តែការបកស្រាយរបស់ភាគីខាងប្រពន្ធ និងកូនប៉ុណ្ណោះ, ព័ត៌មានលម្អិតយ៉ាងណាជុំវិញបញ្ហាជម្លោះផ្ទៃក្នុងគ្រួសារនេះ យើងខ្ញុំនឹងបន្តចេញផ្សាយទៀត ប្រសិនបើមានការបំភ្លឺ៕