(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ចុះសួរសុខទុកប្រជាពលរដ្ឋ ប្រមាណ៥០០នាក់ ដែលមកពិនិត្យសុខភាពដោយឥតគិតថ្លៃ នៅខណ្ឌសែនសុខ។
លោករដ្ឋមន្ដ្រីថ្លែងថា កម្មវិធីលើកកម្ពស់ និងផ្ដល់សេវាសុខភាពទូទៅ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ របស់មន្ទីរពេទ្យព្រះកុសុមៈ នឹងជួយផ្ដល់ភាពស្រួល ដល់ប្រជាជនកាន់តែច្រើន ក្នុងការការពារសុខភាព ព្រោះថា សេវាកម្មព្យាបាលជំងឺ បានមកដល់ផ្ទះ របស់ប្រជាពលរដ្ឋយើងតែម្ដង ដូច្នេះបងប្អូនយើង ដែលរស់នៅក្នុងខណ្ឌសែនសុខ សូមមកទទួលយកនូវសេវាកម្មនេះឲ្យបានគ្រប់ៗគ្នា។
ទន្ទឹមនឹងនោះ លោកវេជ្ជបណ្ឌិត វុន សុថន អនុប្រធានការិយាល័យរដ្ឋបាលមន្ទីរពេទ្យព្រះកុសុមៈ និងជាអ្នកដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យព្យាបាលសុខភាព ប្រជាពលរដ្ឋ ក្នុងខណ្ឌសែនសុខ បានថ្លែងថា «តំណាងឲ្យលោកប្រធានមន្ទីរពេទ្យ ក្រុមគ្រូពេទ្យរបស់យើងនៅថ្ងៃនេះ បានចុះមកពិនិត្យជំងឺទូទៅ ដល់ប្រជាពលរដ្ឋ រួមមាន រោគស្រី្ដ, ពិនិត្យផ្ទៃពោះ(អេកូ), ទឹកនោមផ្អែម, វះកាត់ ដុំគីស ដោយឥតគិតថ្លៃផងដែរ ហើយរហូតមកដល់ពេលនេះ យើងបានផ្ដល់ថ្នាំ និងពិនិត្យសុខភាពប្រជាពលរដ្ឋ ប្រមាណ២៣០នាក់ហើយ»។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលមន្ទីរពេទ្យព្រះកុសុមៈ បានផ្ដល់សេវាសុខភាពទូទៅ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅខណ្ឌសែនសុខ ដែលមានពលរដ្ឋចំនួន៥ភូមិ រួមមានភូមិ អ័រគីដេ, អូរបែកក្អម, ត្រពាំងឈូក,ស្លែងរលើង និងភូមិទ្រុងមាន់ ក្នុងនោះមន្ទីរពេទ្យព្រះកុសុមៈ និងបន្ដធ្វើទៀតក្នុងពេលឆាប់ៗខាងមុខនេះ ៕