អភិបាលខេត្តតាកែវចុះត្រួតពិនិត្យផ្លូវលំ ដែលរងការខូចខាតក្នុងស្រុកចំនួន៤
23-11-2016 17:10
(តាកែវ)៖ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីពាក់ព័ន្ធចុះទៅពិនិត្យមើលដោយផ្ទាល់ នៅផ្លូវលំដែលខូចខាត ដោយសារតែភ្លៀង និងគ្រោះទឹកជំនន់ នាពេលកន្លងមក នៅស្រុកចំនួន៤ មានស្រុកទ្រាំង ស្រុកបូរីជលសារ ស្រុកកោះអណ្ដែត និងស្រុកគីរីវង់។
ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋ និងលោកអភិបាលស្រុកទាំង៤ ខាងលើ លោក ឡាយ វណ្ណៈ បានថ្លែងថា អភិបាលស្រុកនីមួយៗ ត្រូវតែធ្វើរបាយការណ៍អំពី ផ្លូវដែលខូចខាតដោយសារតែភ្លៀង និងគ្រោះទឹកជំនន់ នៅក្នុងមូលដ្ឋានរបស់ខ្លួន មកឲ្យសាលាខេត្តតាកែវ ឲ្យបានឆាប់បំផុត ដើម្បីឲ្យរដ្ឋបាលខេត្តធ្វើការពិភាក្សា ជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ, គណៈកម្មាធិការគ្រោះមហន្តរាយ និងអាជ្ញាធរពាក់ព័ន្ធដ៏ទៃទៀត ធ្វើការចុះមកជួសជុល និងរៀបចំសំណើសុំថវិការពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការជួសជុលផ្លូវដែលខូចខាតធ្ងន់ធ្ងរផងដែរ។
លោកអភិបាលខេត្តតាកែវបានសង្កត់ធ្ងន់ថា «ផ្លូវលំដែលរងការខូចខាតធ្ងន់ធ្ងរ យើងនឹងធ្វើការជួសជុល ឆាប់ៗខាងមុខនេះ។ យើងមិនត្រូវទុកឲ្យមានការរិះគន់ ពីប្រជាពលរដ្ឋ នោះទេ»។
បើតាមលោកអភិបាលខេត្តតាកែវ លោកនឹងធ្វើការចុះពិនិត្យដោយផ្ទាល់ នូវផ្លូវមួយចំនួនក្នុងក្រុង-ស្រុកទាំង១០ នៃខេត្តតាកែវ ដែលរងការខូចខាតដោយសារតែភ្លៀង និងគ្រោះទឹកជំនន់ ក្នុងពេលខាងមុខ៕