(កណ្តាល)៖ ពលរដ្ឋបើកល្បែងស៊ីសង់ខុសច្បាប់ប្រមាណ​ជាង២០០នាក់ ត្រូវបានអជ្ញាធរស្រុកស្អាង ហៅមកផ្សព្វផ្សាយ និងធ្វើការណែនាំ ឲ្យបានយល់ពីការប៉ះពាល់ដល់មូលដ្ឋាន គឺភូមិ-ឃុំ សុវត្ថិភាពទាំង៩ចំណុច ហើយសូមឲ្យបញ្ឈប់សកម្មភាពការបើក ឬប្រមូលល្បែងស៊ីសងខុសច្បាប់ទាំងនេះ បើមិនដូច្នេះ​​ត្រូវប្រឈម នឹងផ្លូវច្បាប់។

ការប្រជុំផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើង នៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលាប្រជុំ នៃអធិការដ្ឋាននគរបាលស្រុកស្អាង។

លោកអភិបាលរងស្រុក បានលើកឡើងថា យោងតាមសេចក្តីណែនាំលេខ០១សណន ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩ ក្រសួងមហាផ្ទៃ និងក្រសួងហិរញ្ញវត្ថុ ដែលមានគណៈកម្មការបង្ក្រាបការលេងល្បែងស៊ីសង ការស៊ីណូ ឆ្នោតឡូតូ ភ្នាល់បាល់ ភ្នាល់អនឡាញ និងល្បែងខុសច្បាប់គ្រប់ប្រភេទ​។ លោកថា ការលបលួចបើកល្បែងស៊ីសងទាំងនេះ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។

​លោក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានថ្លែងថា «យើងអញ្ជើញបងប្អូនប្រជាពលរដ្ឋបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មកធ្វើការផ្សព្វផ្សាយដល់ពួកគាត់ ឲ្យ​គាត់បានយល់ និងសុំឲ្យពួកគាត់បញ្ឈប់សកម្មភាព ហើយនៅពេលពួកគាត់ត្រឡប់ទៅវិញ បើយើងពិនិត្យឃើញថា គាត់នៅតែបន្តសកម្មភាព យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់»

លោកអធិការ ​ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចៀសឲ្យឆ្ងាយពីល្បែងស៊ីសងគ្រប់ប្រភេទ ហើយត្រូវងាកមកប្រកបរបរត្រឹមត្រូវដែល​អនុញ្ញាតិ ព្រោះល្បែងស៊ីសងនេះ ធ្វើឲ្យគ្រួសារពលរដ្ឋប្រឈម នឹងបញ្ហាជាបន្តបន្ទាប់ផងដែរ។

លោក ញ៉ឹម វណ្ណឌិន អភិបាលស្រុកស្អាង បានបញ្ជាក់ថា ច្បាប់បង្ក្រាបល្បែងស៊ីសងនេះ គឺមានតាំងពីយូរមកហើយ ដើម្បីគ្រប់គ្រង សន្តិសុខទូទាំងប្រទេសឲ្យ មានស្ថេរភាព ប៉ុន្តែចំពោះស្រុកស្អាងទាំងមូល។ បើតាមសេចក្តីរាយការណ៍ របស់លោកអធិការស្រុកនោះ បានឲ្យដឹងថា នៅស្រុកស្អាងទាំងមូលពុំ មានកន្លែងណាច្បាប់អនុញ្ញតិឲ្យលេងល្បែងស៊ីសងនោះទេ ដូច្នេះអ្នកបើកលេង ឬកំពុងប្រមូលនោះ គឹសុទ្ធតែខុសច្បាប់ទាំងអស់ ដូច្នេះក្រោយពីធ្វើការ ផ្សព្វផ្សាយរួចបងប្អូន កំពុងបើកលេងត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ បើមិនដូច្នេះសមត្ថកិច្ចនឹងមានវិធានការជាមិនខាន​។

ជាមួយគ្នានោះប្រជាពលរដ្ឋ បានប្តេជ្ញាចិត្តពេលត្រឡប់ទៅវិញ ពួកគាត់សន្យា នឹងបញ្ឈប់សកម្មភាពរបស់ខ្លួន នៅល្បែងស៊ីសងគ្រប់ប្រភេទទាំងនេះ៕