(ភ្នំពេញ)៖ ដោយបានការអនុញ្ញាត ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានដឹកនាំគណៈប្រតិភូ ទៅចូលរួមខួបទី៥០(១៩៦៦-២០១៦) របស់អង្គការអភិវឌ្ឍន៍ឧស្សាហកម្ម សហប្រជាជាតិ (UNIDO) នៅទីក្រុងវីយេន ប្រទេសអូទ្រីស ពីថ្ងៃទី ២១-២២ ខែវិច្ឆិកា ឆ្នាំ២០១៦។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក លី យ៉ុង ( LI Yong ) អគ្គនាយកអង្គការ UNIDO ដោយមានការចូលរួមពី លោក លោកស្រី ជាតំណាងមកពីបណ្តា ប្រទេសជាសមាជិករបស់UNIDO និងអង្គការដៃគូអភិវឌ្ឍន៍នានា សរុបប្រមាណជាង៨០០នាក់។
អង្គពិធីទាំងមូល បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អង្គការ UNIDO ដែល៥០ឆ្នាំកន្លងមក បាននឹងកំពុងខិតខំប្រឹងប្រែងបំពេញកិច្ចការងារ ទទួលបានជោគជ័យជាច្រើន។ ដោយមានកិច្ចសហការ ពីបណ្តាប្រទេសជាសមាជិក និងមានការឧបត្ថម្ភពីអង្គការ ព្រមទាំងមូលនិធិអន្តរជាតិនានា ជាដៃគូ រួមទាំងវិស័យឯកជន បានរួមចំណែកក្នុងការអភិវឌ្ឍ ឧស្សាហកម្មពិភពលោក ប្រកបដោយនិរន្តរភាព បរិយាប័ន សុខមាលភាព បរិស្ថាន និងសេដ្ឋកិច្ចសង្គម ស្របតាមទិសដៅ ឆ្នាំ២០៣០។ ខួបលើទី៥០ របស់អង្គការ UNIDO ក្រោមពាក្យស្លោក «រួមគ្នាដើម្បីនិរន្តភាពថ្ងៃអនាគត» (ពង្រឹងភាពជាដៃគូ ភាពសម្បូរបែបការងារ និងជំនាញ ការបង្កើតភាពរុងរឿងដែលបានចែករំលែក ការការពារភពផែនដី និងការផ្តល់សិទ្ធអំណាយដល់ប្រជាជន)។
នាឱកាសនោះលោក ចម ប្រសិទ្ធ និងលោក លី យ៉ុង ក៏បានចុះហត្ថលេខាលើឯកសារស្តីពី កម្មវិធីអនុវត្តគម្រោង ២០១៦- ២០២០ របស់អង្កការ UNIDO នៅកម្ពុជាផងដែរ។ ខ្លឹមសារសំខាន់ៗនៃឯកសារនេះរួមមាន៖
១. ការអភិវឌ្ឍ កសិ-ឧស្សាហកម្ម
១.១ សុវត្ថិភាពចំណីអាហារ តម្លៃបន្ថែមលើផលិតកម្មជលផល
១.២ លើកកម្ពស់តម្លៃបន្ថែម និងការដោះស្រាយបញ្ហាគុណភាព ក្រោយការប្រមូលផលក្នុងវិស័យស្រូវអង្ករ
១.៣ មុខរបរ យន្តការកសិកម្ម ក្នុងវិស័យកសិកម្ម
១.៤ ការអភិវឌ្ឍផ្នែកដំណាំឫស្សី
២. ពង្រឹងសក្តានុពលការនាំចេញ របស់កម្ពុជា
២.១ ពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន សម្រាប់ពាណិជកម្ម
២.២ ពង្រឹងស្តង់ដារ និងភាពអនុលោម ពាណិជ្ជកម្ម និងអ្នកប្រើប្រាស់
២.៣ ពង្រឹងសមត្ថភាពការធ្វើ តេស្តកៅស៊ូ នៅវិទ្យាស្ថានស្រាវជ្រាវកៅស៊ូ
២.៤ គម្រោងសាកល្បង ស្តីពីការចេញវិញ្ញាបនបត្រ ISO 9001, ISO 14001, ISO22000/ HACCP សម្រាប់គាំទ្រ សហគ្រាសធុនតូច និងមធ្យម
២.៥ ការធ្វើឲ្យប្រសើរឡើងនូវការបង្កើតថ្មី និងការប្រគួតប្រជែង នៃឧស្សាហកម្មកាត់ដេរ
៣. អភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យម ដើម្បីកាត់បន្ថយភាពក្រីក្រប្រកបដោយ បរិយាបន័
៣.១ គាំទ្រឲ្យមានតម្លៃបន្ថែមនូវខ្សែសង្វាក់ផលិតកម្មក្នុងការអភិវឌ្ឍសហគ្រាស ធុនតូច និងមធ្យម ( ស្វាយ និង សូត្រ)
៣.២ ការច្នៃប្រឌិតឧស្សាហកម្មសម្រាប់គាំទ្រ វិស័យសិប្បកម្ម
៣.៣ អភិវឌ្ឍន៍សមត្ថភាពក្នុងការគ្រប់គ្រងស្ថិតិឧស្សាហកម្ម
៣.៤ បណ្តុះបណ្តាលភាពជាសហគ្រិន
៤. ធានាឲ្យបានការអភិវឌ្ឍឧស្សាហកម្ម ប្រកបដោយចេរភាព
៤.១ លើកកម្ពស់ការកែច្នៃសំណល់ទៅជាថាមពល នៅផ្នែកម៉ាស៊ីនកិនស្រូវ
៤.២ លើកកម្ពស់វិនិយោគបច្ចេកវិទ្យា ថាមពលកកើតឡើងវិញ នៅតំបន់ជនបទ
៤.៣ គាំទ្រផលិតកម្មស្រូវឲ្យមានប្រសិទ្ធភាព និងភាពធុននៃការប្រែប្រួល អាកាសធាតុ
៤.៤ ប្រសិទ្ធភាពប្រភពធនធាន និងផលិតកម្មស្អាត
៤.៥ ការគ្រប់គ្រងសារធាតុគីមីប្រកបដោយចេរភាព
៥. កម្មវិធីស្របជាមួយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។
កម្មវិធីអនុវត្តន៍គម្រោង របស់UNIDO ២០១៦-២០២០ នៅកម្ពុជាមានគម្រោងចំនួនបួន នឹងត្រូវអនុវត្តន៍ដែលមានទឹកប្រាក់សរុប ជាង៧លានដុល្លាអាមេរិក ហើយស្ថាប័នរដ្ឋាភិបាល មួយចំនួនដូចជាក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនិតីសម្បទា ជាដៃគូក្នុងការចូលរួមអនុវត្តគម្រោង។
លោក ចម ប្រសិទ្ធ បានជួបពិភាក្សាស្វែងយល់ការងារ ជាមួយប្រធានគ្រប់គ្រងគម្រោងនានា ដែលបាននឹងកំពុងមានសកម្មភាពការងារ នៅកម្ពុជា ព្រមទាំងបានអនុញ្ញាតឲ្យ លោក Stein R. Hansen ប្រធាននាយកដ្ឋានយុទ្ធសាស្ត្រ ទំនាក់ទំនងអ្នកផ្តល់ជំនួយរបស់អង្គការ UNIDO ជួបសំណេះសំណាល និងពិភាក្សាពីកិច្ចសហប្រត្តិបត្តការ រវាងអង្គការ UNIDO និងប្រទេសកម្ពុជា ។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៨-២០១៥ អង្គការ UNIDO មានគម្រោងចំនួន១២ ដែលបាននឹងកំពុងអនុវត្តន៍ តាមវិស័យផ្សេងៗនៅកម្ពុជាដែលមានទឹកប្រាក់ សរុបជាង១១លាន ដុល្លាអាមេរិក។ ដំណើរបំពេញបេសកកម្ម រយៈពីរថ្ងៃនៅទីក្រុងវីយេន ប្រទេសអូទ្រីសរបស់លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទទួលបានលទ្ធផលផ្លែផ្កា ដែលជាប្រយោជន៍យ៉ាងសំខាន់ ក្នុងការជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា៕