(មណ្ឌលគិរី)៖ ពលរដ្ឋខ្មែរម្នាក់រស់នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានរងការបាញ់ប្រហារដោយអាវុធពីសំណាក់ជនជាតិវៀតណាមមួយក្រុម ឆ្លងដែនខុសច្បាប់ តាមច្រករបៀង ពាមអូរតាំកន ចូលមកក្នុងទឹកដីកម្ពុជា បណ្តាលឲ្យរងរបួសត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។
ហេតុការណ៍នេះ កើតឡើងនៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ២០១៦ នៅចំណុចពាមអូរតាំកន ប្រមាណ២គីឡូម៉ែត្រ ពីខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិពូចា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
លោក ព្រហ្ម សាវេន មេបញ្ជាការកងរាជអាវុធហត្ថស្រុកពេជ្រាដា បានឲ្យដឹងថា ជុំវិញករណីនេះ លោកពុំទាន់ហ៊ានសន្និដ្ឋានថា ជាករណីគំនុំ ឬយ៉ាងណានោះ ប៉ុន្តែបើយោងតាមប្រភពនៅក្បែរទីតាំងកើតហេតុ បាននិយាយថា ជនជាតិវៀតណាមទាំងនោះ បានឆ្លងដែនចូលមកក្នុងទឹកដីកម្ពុជា ដើម្បីបរបាញ់សត្វដោយសេរីតែម្ដង ហើយក៏ត្រូវចំបុរសជាជនជាតិខ្មែរ បណ្ដាលឲ្យរងរបួស។
លោកមេបញ្ជាការបន្តថា ជនជាតិវៀតណាមទាំងនោះ កម្លាំងសមត្ថកិច្ច មិនអាចកំណត់អត្តសញ្ញាណបានទេ ព្រោះក្រោយកើតហេតុភ្លាមៗ ជនសង្ស័យខាងលើនេះ បានរត់គេចខ្លួនចូលទៅប្រទេសវៀតណាមវិញ។
លោកបញ្ជាក់ថា ជនរងគ្រោះឈ្មោះ នេត ឡាវី អាយុ៣៣ឆ្នាំ រស់នៅក្បែរទីតាំងកើតហេតុ មានមុខរបរជាបុគ្គលិកក្រុមហ៊ុន «កូវីហ្វាម៉ា» រងរបួសដោយគ្រាប់កាំភ្លើង វ៉ាងឡុង១គ្រាប់ ចំដៃខាងឆ្វេង បច្ចុប្បន្នកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ជុំវិញករណីនេះ បើយោងតាមប្រភពពីសមត្ថកិច្ចមួយរូប សូមមិនបញ្ចេញអត្តសញ្ញាណ បានឲ្យដឹងដែរថា ច្រករបៀងពាមអូរតាងកននេះ គឺស្ថិតក្រោមការគ្រប់គ្រង ដោយមន្ត្រីយោធា និងមន្ត្រីនគរបាល ដោយខាងនគរបាលមានលោក ផុន មករា ជានាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប៊ូស្រា ជាអ្នកគ្រប់គ្រង ចំណែកខាងយោធា មានលោក ថោង ដារ៉ារិទ្ធ ជាមបញ្ជាការកងអនុសេនាតូចលេខ០២ ជាអ្នកគ្រប់គ្រងផ្ទាល់ ហើយខ្សែបន្ទាត់ព្រំដែនស្ថិតក្រោមការគ្រប់គ្រងដោយ លោកទាំង២នេះ គឺតែងមានជនជាតិវៀតណាមឆ្លងដែនចូលមកទឹកដីកម្ពុជាយ៉ាងសេរី ពុំដែលមានការចាប់បង្ក្រាបនោះទេ និងតែងតែកើតមានបទល្មើសព្រៃឈើឆ្លងដែន ចេញទៅប្រទេសវៀតណាម ខ្សែបន្ទាត់ព្រំដែននៅចំណុចនោះយ៉ាង គគ្រឹងគគ្រេងទៀតផង។
នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ២០១៦នេះ អង្គភាព Fresh News មិនទំនាក់ទំនងសុំការបំភ្លឺបានទេ ពីលោក ផុន មករា និងលោក ថោង ដារ៉ារិទ្ធ ដែលគ្រប់គ្រងនៅច្រក របៀងនោះ ព្រោះមិនមានលេខទូរស័ព្ទ។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានទទួចស្នើរឲ្យសមត្ថកិច្ចគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ នៅខេត្តមណ្ឌលគិរី សូមធ្វើការសហការជាមួយគ្នា និងខាង
ភាគីរបស់វៀតណាម ដើម្បីធ្វើការស្រាវជ្រាវរកមូលហេតុ នៃការបាញ់ប្រហារនេះ ថាតើអង្គហេតុរបស់វាបណ្តាលមកពីអ្វី និងឈានទៅរកការឃាត់ខ្លួនដើម្បី ឲ្យច្បាប់ចាត់វិធានការណ៍៕