(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្ចីក្នុងទឹកប្រាក់១១៧លានដុល្លារ ដល់រដ្ឋាភិបាលកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីលើកកម្ពស់ការឆ្លើយតបចំពោះជំងឺឆ្លងថ្មីៗ និងគ្រប់គ្រងការគំរាមកំហែងសុខភាពសាធារណៈចំបងៗ។ រដ្ឋាភិបាលឡាវក៏ទទួលបានជំនួយ ឥតសំណងចំនួន៨លានដុល្លារផងដែរ។
លោក Gerard Servais អ្នកឯកទេសជាន់ខ្ពស់ ផែ្នកសុខភាពនៃនាយកដ្ឋានអាស៊ីអាគ្នេយ៍របស់ ADB លើកឡើងថា «បណ្តាប្រទេសនៅមហាអនុតំបន់ទន្លេមេគង្គ (GMS) ជាពិសេស កម្ពុជា ឡាវ មីយ៉ាន៉ម៉ា និងវៀតណាម មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែប្រព័ន្ធសុខាភិបាល របស់ប្រទេសទាំងនេះ នៅមិនទាន់មានការអភិវឌ្ឍគ្រប់គ្រាន់ ដើម្បីឆ្លើយតបចំពោះការផ្ទុះជំងឺនានាប្រកបដោយប្រសិទ្ធភាពបាន។ គម្រោងនេះនឹងជួយ លើកកម្ពស់នូវចំណុច ខ្សោយៗទាំងឡាយក្នុងប្រព័ន្ធសុខាភិបាល របស់ប្រទេសទាំងនេះ ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការឆ្លងប្រទេស សំដៅបង្កើនសន្តិសុខខាងសុខភាពទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ»។
ADB បានឲ្យដឹងថា ប្រទេសទាំងបួននេះងាយរងគ្រោះខ្លាំងចំពោះការផ្ទុះជំងឺថ្មីៗ ដូចជា ជំងឺសាស៍ ជំងឺផ្តាសាយបក្សី ពពួកវីរុសកូរ៉ូណា ជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម ដោយសារតែប្រព័ន្ធសុខាភិបាលនៅមានកម្រិតខ្សោយ និងដោយសារតែកំណើននៃការផ្លាស់ទីរបស់មនុស្ស និងពាណិជ្ជកម្មឆ្លងដែន៕