(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ ជួយដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍របស់ពលការិនីខ្មែរចំនួន៤នាក់ ឲ្យវិលមកប្រទេសកម្ពុជាព្រមៗគ្នាវិញ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ពលការិនីទី១ឈ្មោះ ព.ស.វ អាយុ៤០ឆ្នាំ មកពីខេត្តស្វាយរៀង បានទៅធ្វើការងារតាមផ្ទះ នៅម៉ាឡេស៊ី ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា ។ ដោយធ្វើការលំបាក ពលការិនីបានទៅស្ថានទូត នៅខែកក្កដា ឆ្នាំ២០១៦ ស្នើសុំជួយទាមទារប្រាក់ខែ ដែលនៅសល់ពីថៅកែ និងជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ តាមសំណូមពររបស់ស្ថានទូត ថៅកែរបស់ ពលការិនី បានយល់ព្រមប្រគល់ប្រាក់ខែដែលនៅសល់ និងលិខិត ឆ្លងដែនដល់នាងវិញ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
ចំំណែក ពលការិនីទី២ឈ្មោះ អ៊.ស.ម អាយុ២៦ឆ្នាំ មកពីខេត្តកំពង់ចាម បានទៅធ្វើការងារតាមផ្ទះនៅម៉ាឡេស៊ី ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១១ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយធ្វើការលំបាក ពលការិនីបាន ទៅស្ថានទូត នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ ស្នើសុំស្ថានទូតទាមទារប្រាក់ខែពីថៅកែ និងជួយឲ្យបានត្រឡប់ មកកម្ពុជាវិញ។ ស្ថានទូតបានសហការជាមួយអាជ្ញាធរម៉ាឡេស៊ី ស្វែងរកថៅកែរបស់ពលការិនី ឲ្យមក ដោះស្រាយ។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ទើបថៅកែរបស់នាង បានយល់ព្រមប្រគល់ប្រាក់ខែដល់នាង តាមសំណូមពររបស់ស្ថានទូត។
ពលការិនីទី៣ឈ្មោះ ច.ផ.ល អាយុ២៩ឆ្នាំ មកពីរាជធានីភ្នំពេញ បានទៅធ្វើការងារតាមផ្ទះនៅម៉ាឡេស៊ី ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា ។ នាងបានទទួលប្រាក់ខែគ្រប់ចំនួន ប៉ុន្តែ ដោយសារចង់មកផ្ទះវិញ នាងបានទៅស្ថានទូតនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្នើសុំជួយឲ្យបាន ត្រឡប់មកកម្ពុជា។
ពលការិនីទី៤ឈ្មោះ ទ.ច.រ អាយុ២១ឆ្នាំ មកខេត្តតាកែវ បានទៅម៉ាឡេស៊ី ធ្វើការខុសច្បាប់នៅហាង Game Internet ពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ នាងបានទៅស្ថានទូត នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ សុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ នាងពុំទាមទារប្រាក់ខែដែលនៅសល់ទេ ពីព្រោះថៅកែ របស់នាងត្រូវបាន អាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួន ពីបទ បើកអាជីវកម្ម Game Internet ខុសច្បាប់ ។
ពលការិនីទាំង៤នាក់ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង០៧:៥០នាទីព្រឹក តាមជើងយន្តហោះ AK536 ។ អំឡុងពេលរង់ចាំត្រឡប់មកកម្ពុជាវិញ ស្ថានទូត បានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគដល់ពលការិនីទាំង៤នាក់ ផងដែរ៕