(ប៉ៃលិន)៖ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងមន្រ្តីរាជការខេត្តប៉ៃលិន ជិត៤០០នាក់ ទទួលបានការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ពីមន្ដ្រីជំនាញ។ ពិធីផ្សព្វផ្សាយនេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នាវិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិត ដោយមានការចូលរួមពីលោក ស៊ុំ រុំ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោក អៀង វុធ អភិបាលស្តីទីខេត្តប៉ៃលិន ព្រមទាំងលោកប្រធាន អនុប្រធានមន្ទីរ ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និងតំណាងមន្ទីរសាធារណៈការ និងដឹកជញ្ជួន ផងដែរ។
វាគ្មិនជំនាញបង្ហាញពី ច្បាប់ចរាចរណ៍ផ្លូវគោកដែលមាន៖ សញ្ញាចរាចរណ៍, អ្នកបើកបរយាន្តជំនិះ, ការប្រើភ្លើង និងសូរស័ព្ទយាន្តជំនិះ, ថ្មើជើង អ្នកជិៈ ឬសត្វ, ករណីមានគ្រោះថ្នាក់ចរាចរណ៍, ការគ្រប់គ្រងយាន្តជំនិះ និងការដឹកជញ្ជូន, សមត្ថកិច្ច និងសិទ្ធអំណាច របស់នគរបាលចរាចរណ៍ និងទោសបញ្ញាត្តិ ព្រមទាំងមានការបកស្រាយ នូវសំនួររបស់អ្នកចូលរួមផងដែរ។
លោក ស៊ុំ រុំ អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោក អៀង វុធ អភិបាលស្តីទីខេត្តប៉ៃលិន បានថ្លែងថា ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនាពេលនេះ គឺក្នុងគោលបំណងដាស់ស្មារតីឲ្យប្រជាពលរដ្ឋ មន្រ្តីរាជការ ទាំងអស់ដែលប្រើប្រាស់ផ្លូវថ្នល់សាធរណៈ ឲ្យផ្លាស់ប្តូឥរិយាបទ ដែលធ្លាប់មានភាពអនាធិបតេយ្យ មកប្រកាន់ឥរិយាបទដែលមានសណ្តាប់ធ្នាប់ របៀបរៀបរយ គោរពច្បាប់ចរាចរណ៍ពេលធ្វើដំណើរ បើកបរយានយន្តគ្រប់ប្រភេទ។ លោកថា ចរាចរណ៍ផ្លូវគោកជាបញ្ហាចំបងដែលរាជរដ្ឋាភិបាល កំពុងមានការយកចិត្តទុកដាក់ និងព្រួយបារម្ភយ៉ាងខ្លាំង ដោយសារវាបានធ្វើឲ្យមានរបួសស្នាម និងបាត់បង់អាយុជីវិតប្រជាពលរដ្ឋ សត្វ បរិស្ថាន និងខូចខាតត្រព្យសម្បត្តជាច្រើនរយលានដុល្លារក្នុងមួយឆ្នាំៗ និងបានបន្សល់ទុកនូវស្រី្តមេម៉ាយ កូនកំព្រា ជនពិការជាច្រើន ក្នុងសង្គមជាតិ។
ជាមួយគ្នានោះ លោក ក៏បានសំណូមពរដល់អាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំពង្រឹង រឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍បន្ថែមទៀត ដើម្បីឲ្យក្លាយទៅជាមធ្យោបាយដ៏មានប្រសិទ្ធភាព សម្រាប់ជម្រុញការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យនៅមានកម្រិតទាបបំផុត ចូលរួមអភិវឌ្ឍន៍សង្គម សម្ដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកបើកយាន្តជំនិះគ្រប់ប្រភេទ ត្រូវស្វែងយល់ និងអនុវត្តឲ្យបានខ្ចប់ខ្ជួននូវវិធានការមួយចំនួន ដែលបានចែងក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកមានដូចជា៖ ត្រូវមានស្លាកសម្គាល់យានយន្ត, ត្រូវមានប័ណ្ណបើកបរ, អ្នកបើកត្រូវមានស្មារតីប្រុងប្រយ័ត្ន, ត្រូវពាក់មួក និងខ្សែក្រវ៉ាត់ការពារសុវត្ថភាពជាដាច់ខាត, មិនត្រូវបើកបរហួសល្បឿន និងផ្ទុកមនុស្ស ឬទំនិញលើសចំណុះ, និងបើកបរហាមពិសារគ្រឿងស្រវឹងជាដើម៕