(ភ្នំពេញ)៖ លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្តរបស់គណបក្សប្រឆាំង នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានព្រមានជាថ្មីអំពីការរកវិធីដើម្បីទម្លាក់ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចេញពីតំណាង។ តំណាងរាស្រ្តរូបនេះបានអះអាងថា សព្វថ្ងៃការងារគ្រប់គ្រងសុខាភិបាលកម្ពុជា មិនអាចទទួលយកបានទេ។
ក្នុងសន្និសីទកាសែត នាទីស្នាក់ការគណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក សុន ឆ័យ បាននិយាយយ៉ាងដូច្នេះ៖ «រដ្ឋមន្រ្តីសុខាភិបាលនេះ ខ្ញុំបានប្រកាសហើយ បើគណបក្សសង្រ្គោះជាតិ អាចរកវិធីទម្លាក់លោកនេះ ចេញពីអំណាចបាន យើងនឹងធ្វើឱ្យគាត់ធ្លាក់ពីតំណែងរដ្ឋមន្រ្តី ព្រោះទទួលយកអត់បានទេ ការងាររបស់គាត់»។
ការព្រមានរបស់ លោក សុន ឆ័យ បានធ្វើឡើងបន្ទាប់ពីគណបក្សប្រឆាំង ចូលប្រជុំនៅក្នុងសភាពេញអង្គលើកដំបូង ក្រោយពេលធ្វើពហិកាមិនចូលប្រជុំ អស់រយៈពេល៦ខែ កន្លងមកនេះ។ កាលពីខែកញ្ញា ឆ្នាំ២០១៦ នាគ្រាដែលចូលសួរសុខទុក្ខដល់សកម្មជន CNRP នៅពន្ធនាគារព្រៃស លោក សុន ឆ័យ ក៏បានរិះគន់លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល ចំពោះភាពអន់ខ្សោយនៃវិស័យពេទ្យកន្លងមកដែរ។
ជាមួយគ្នានេះលោកក៏ព្រមានកោះហៅ រដ្ឋមន្រ្តីមួយចំនួនផ្សេងទៀតដូចជា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ នៅពេលគណបក្សប្រឆាំងចូលធ្វើការនៅសភាឡើងវិញ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបដិសេធមិនធ្វើអត្ថាធិប្បាយ។ ប៉ុន្តែទោះជាយ៉ាងណា លោក ឈាង វុន ប្រធានក្រុមតំណាងរាស្រ្ត សំឡេងភាគច្រើនក្នុងសភា បានពន្យល់ថា តាមលទ្ធភាពបក្សប្រឆាំងពេលនេះ មិនអាចទម្លាក់រដ្ឋមន្រ្តីណាមួយ ដូចការនិយាយបានឡើយ។
លោក ឈាង វុន បាននិយាយថា «ដើម្បីទម្លាក់រដ្ឋមន្រ្តីមួយរូប ត្រូវអញ្ជើញគាត់មកសួរដេញដោល បន្ទាប់មកត្រូវធ្វើញត្តិស្តីបន្ទោស ដែលត្រូវមានសំឡេង តំណាងរាស្រ្ត៣០នាក់ ប៉ុន្តែញត្តិស្តីបន្ទោសនេះ ត្រូវបានសភាអនុម័តឬអត់? បើសភាអនុម័ត អាហ្នឹងឈានដល់មួយជំហានទៀត ស្នើសុំទម្លាក់ ឬឱ្យគាត់ដកខ្លួន ប៉ុន្តែគ្នាគាត់មានតែប៉ុណ្ណឹងធ្វើយ៉ាងម៉េចកើត»។
លោកបានបន្ថែមថា ការទម្លាក់រដ្ឋមន្រ្តីមួយរូប ត្រូវការសំឡេងក្នុងសភា យ៉ាងហោចណាស់ ៥០បូក១៕