(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បន្ទាប់ពីសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុង ដោយសំឡេងភាគច្រើនដាច់ខាត់ នៅថ្ងៃទី២២ ខែវិច្ឆិកាម្សិលមិញ។

ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ក្រសួងនឹងធ្វើការផ្សព្វផ្សាយ «ច្បាប់ថវិកាជាតិឆ្នាំ២០១៧» ឲ្យបានកាន់តែទូលំទូលាយ ដល់សាធារណជនទូទៅ បានស្វែងយល់លំអិតបន្ថែមទៀត នៅពេលដែលព្រះមហាក្សត្រ ទ្រង់ឡាយព្រហស្ថលេខា ប្រកាស់ដាក់ឲ្យប្រើប្រាស់រួច។   

សូមជម្រាបថា សេចក្តីព្រៀងច្បាប់ថវិកាជាតិឆ្នាំ២០១៧ ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុង បន្ទាប់ពិភាក្សាដេញដោល នៅលើសេចក្តីព្រៀងច្បាប់នេះ អស់ពេលប្រមាណ៧ម៉ោងរួចមក។

កិច្ចប្រជុំនេះ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ធ្វើបទអន្តរាគមន៍គន្លឹះ ថ្លែងទៅកាន់អង្គរដ្ឋសភា ហើយក៏បានធ្វើការឆ្លើយតប និងពន្យល់យ៉ាងក្បោះក្បាយទៅនឹងសំណួរ ក៏ដូចជាបទអត្ថាធិប្បាយទាំងឡាយ របស់សមាជិករដ្ឋសភាដែលបានលើកឡើងផងដែរ៕