(ភ្នំពេញ)៖ ភាពយន្តខ្នាតធំរបស់ខ្មែរ មួយរឿងទៀតហើយ មានចំណងជើងថា «កំណត់ហេតុនាងនាថ» ត្រូវបានបើកសម្ពោធចាក់បញ្ចាំងជាផ្លូវការ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ នៅរោងភាពយន្ត Legend ក្រោមក្ដីរំពឹងខ្ពស់របស់ផលិតករ ក៏ដូចជាចាងហ្វាងផលិតកម្ម ថា នឹងទទួលបានការគាំទ្រខ្លាំង ខណៈភាពយន្តបែបខ្មោច ព្រាយ បិសាច និងកំប្លុកកំប្លែង នៅតែមានទីផ្សារខ្ពស់ សម្រាប់ទស្សនិកជនក្នុងប្រទេស។
ពិធីបើកសម្ពោធ នាល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គេសង្កេតឃើញ មានតារាសម្ដែងល្បី តារាចម្រៀង ក្រុមរាំ ព្រមទាំងទស្សិកជនយ៉ាងច្រើនកុះករ។ ក្នុងនោះក៏មានវត្តមានលោក ស៊ិន ចាន់សាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្ដល់កិត្តិយសបើកសម្ពោធ ផងដែរ។
អ្នកនាង ចាន់ណា សុខឃីម ចាងហ្វាងផលិតកម្ម «ឥន្ទ្រានិម្មិត» បានថ្លែងឲ្យដឹងថា ឆ្លងកាត់ការលំបាកជាច្រើនខែរួចមក យើងទទួលបានស្នាដៃយ៉ាងធំធេង ហើយជាការទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ពីសំណាក់មហាជន ដើម្បីបានទស្សនាភាពយន្តមួយ ផលិតឡើងយ៉ាងយកចិត្តទុកដាក់ មានគុណភាពខ្ពស់ កំប្លែង ប្លែក ចំឡែកអារម្មណ៍។ អ្នកនាងក៏សូមសម្ដែងនូវក្ដីអំណរគុណ ដល់តារាសម្ដែង ក៏ដូចជាក្រុមការងារទាំងអស់ ដែលបានខិតខំតស៊ូការទ្រាំលំបាក ដើម្បីសម្រេចបាននូវសមិទ្ធផលមួយ ហើយលេចចេញរូបរាងឡើង នៅពេលនេះ។
ចាងហ្វាងផលិតកម្មខាងលើ បានសម្ដែងក្ដីសង្ឃឹម យ៉ាងមុតមាំថា ភាពយន្តខ្នាតធំរឿង «កំណត់ហេតុនាងនាថ» នៅពេលដាក់បញ្ចាំង តាមបណ្ដារោងភាពយន្តនានា នៅពេលខាងមុខនេះ នឹងទទួលបានការគាំទ្រខ្លាំង ព្រោះតាមរយៈការផ្សព្វផ្សាយ នាពេលកន្លងមក នៅក្នុងបណ្ដាញសង្គម ឃើញថា គឺមានការគាំទ្រច្រើន លើសពីការរំពឹងទុក។ រឿង «កំណត់ហេតុនាងនាថ» ជាស្នាដៃកូនខ្មែរពិតៗ ដូច្នេះយើងទាំងអស់គ្នា ត្រូវតែគាំទ្រលើកទឹកចិត្ត ស្នាដៃរបស់កូនខ្មែរ។
ដោយឡែក កញ្ញា វ៉ន់ សុធី តំណាងរោងភាពយន្ត Legend បានសម្ដែងចំណាប់អារម្មណ៍ថា រោងភាពយន្តមានក្ដីរីករាយជាខ្លាំង ដែលបានសហការជាមួយផលិតកម្ម «ឥន្ទ្រានិម្មិត» ដើម្បីបើកសម្ពោធជាផ្លូវការ នូវភាពយន្តរឿង «កំណត់ហេតុនាងនាថ» នេះឡើង។ រោងភាពយន្ត Legend តែងតែមានគោលដៅ គាំទ្រជាខ្លាំងចំពោះភាពយន្តខ្មែរ ស្នាដៃកូនខ្មែរ ហើយរំពឹងថា ខ្សែភាពយន្តខ្មែរ នឹងមានការវិវឌ្ឍន៍ឈានទៅមុខ ពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីធ្វើការប្រកួតប្រជែង ជាមួយបណ្ដាប្រទេសនានា ខណៈដែលរឿងខ្មែរមួយចំនួន ក៏បានដាក់បញ្ចាំងនៅទីផ្សារ បរទេសរួចមកហើយដែរ។
រឿង«កំណត់ហេតុនាងនាថ» នឹងត្រូវដាក់បញ្ចាំងជាផ្លូវការ ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា នេះតទៅ តាមបណ្ដារោងភាពយន្តទំនើបទាំងអស់ ក្នុងរាជធានីភ្នំពេញ៕