(ភ្នំពេញ)៖ សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានប្រកាសសាលដីកាតម្កល់ទោស ជនជាប់ចោទក្នុងសំណុំរឿងគប់គ្រាប់បែក សម្លាប់មួយគ្រួសារ នៅភូមិសែនសុខទី២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បណ្តាលឲ្យកុមារាម្នាក់អាយុ១១ឆ្នាំស្លាប់ និង៥នាក់រងរបួសធ្ងន់ស្រាល ដែលមានចៅសង្កាត់គោករកាជាមេខ្លោង ទុកជាបានការដដែល។
គួររំលឹកថា សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ បានប្រកាសសាលក្រមផ្តន្ទាទោសក្រុមជនល្មើស៤នាក់ ដាក់ពន្ធនាគារចន្លោះពី៣០ឆ្នាំដល់មួយជីវិត ក្នុងសំណុំរឿងគប់គ្រាប់បែកសម្លាប់មួយគ្រួសារ នៅភូមិសែនសុខទី២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បណ្តាលឲ្យកុមារាម្នាក់អាយុ១១ឆ្នាំស្លាប់និង៥នាក់រងរបួសធ្ងន់ស្រាល ។
តុលាការ បានផ្តន្ទាទោសឈ្មោះ ភី ណុប អាយុ៤៦ឆ្នាំ ជាអតីតចៅសង្កាត់គោករកា និង ឈ្មោះ នួន សំរិទ្ឋ ហៅ ម៉ាប់ អាយុ២៧ឆ្នាំ ជាជនដៃដល់ ដាក់ពន្ធនាគារម្នាក់ៗមួយជីវិត ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ។
ផ្តន្ទាទោសឈ្មោះ ពៅ ប៊ុនធឿន អាយុ២៣ឆ្នាំ ជាអតីតប្រធានសហគមន៍អណ្តូង៦ និង ឈ្មោះ អេង ដាលីន ជាអ្នកសមគំនិត ដាក់ពន្ធនាគារម្នាក់ៗ៣០ឆ្នាំ ពីបទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៩និង២០០ នៃក្រមព្រហ្មទណ្ឌ។ ក្រុមជនជាប់ចោទ ត្រូវសងសំណងជម្ងឺចិត្តដល់ក្រុមគ្រួសារជនរងគ្រោះរាប់លានរៀល ផងដែរ។
មន្ដ្រីនគរបាលមូលដ្ឋានខណ្ឌសែនសុខ បានបញ្ជាក់ថា មូលហេតុដែលចៅសង្កាត់គោករកា បានជួលឃាតក គប់គ្រាប់បែកប៉ងសម្លាប់មួយគ្រួសារនោះ ដោយសារតែលោក ភី ណុប ច្រណែននិងជនរងគ្រោះ ដែលគ្រោងឈរឈ្មោះ ជាចៅសង្កាត់ ហើយពាក់ព័ន្ធទៅនឹងជម្លោះការរកស៊ីក្នុងមុខជំនួញដីធ្លីផងដែរ។
មន្រ្តីនគរបាលបន្តទៀតថា មុនពេលប៉ងសម្លាប់ជនរងគ្រោះចៅសង្កាត់គោករកា លោក ភី ណុប បានសន្យាថា នឹងឲ្យលុយឃាតកចំនួន១ម៉ឺនដុល្លារ បើធ្វើកិច្ចការនេះ បានសម្រេច។ ប៉ុន្ដែពេលធ្វើសកម្មភាពមិនចំគោលដៅ ហើយជនរងគ្រោះ មិនស្លាប់នោះ មេខ្លោងបានត្រឹមផ្ដល់លុយចំនួន៥០០០ដុល្លារប៉ុណ្ណោះ៕