(ភ្នំពេញ)៖ ស្ថានទូតសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយប្រកាសស្វាគមន៍ និងគាំទ្រដល់សាលដីកាស្ថាពរ របស់អង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា សាលាក្តីខ្មែរក្រហម ក្នុងការផ្តន្ទាទោស ជនជាប់ចោទ នួន ជា និង ខៀវ សំផន ឱ្យជាប់ពន្ធនាគារមួយជីវិត។
យោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិក បានបញ្ជាក់ឲ្យដឹងថា អង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា បានសម្រេចដំកល់សាលក្រម លើករណី០០២/០១ ចំពោះឈ្មោះ នួន ជា និង ខៀវ សំផន ដាក់ទោស ទៅលើពួកគេពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ការធ្វើទុក្ខទោសដោយសា ហេតុផលនយោបាយ និងអំពើអមនុស្សធម៌ដទៃទៀត ទាក់ទងនឹងការជន្លៀសប្រជាជនចេញពីទីក្រុង ភ្នំពេញដោយបង្ខំ នៅខែមេសា ឆ្នាំ ១៩៧៥។ តុលាការថែមទាំង បានបញ្ជាក់ពីទោសជាប់ពន្ធនាគារអស់មួយជីវិត ដែលដាក់ដោយតុលាការជំនុំជំរះដែលបានលើកឡើងពី «បទឧក្រិដ្ឋក្នុងទ្រង់ទ្រាយធំ»។
ស្ថានទូតអាមេរិក បានបញ្ជាក់បន្ថែមថា សម័យខ្មែរក្រហមកាន់អំណាច គឺជាយុគសម័យដ៏ខ្មៅងងឹតបំផុត នៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា ហើយសាលក្រមដែលចេញនៅថ្ងៃនេះធានាថាមេដឹកនាំកំពូលពីររូបក្នុងចំណោម មេដឹកនាំកំពូលៗ នៃរបបនេះត្រូវបាន ចាប់អោយទទួលខុសត្រូវ។ សេចក្តីថ្លែងការណ៍បានបន្តឲ្យដឹងថា សហរដ្ឋអាមេរិក នឹងបន្តគាំទ្របេសកកម្មរបស់ ECCC ក្នុងការនាំមកនូវយុត្តិធម៌មួយកំរិត សម្រាប់ប្រជាជនកម្ពុជា និងលាតត្រដាងពីបទឧក្រិដ្ឋ ដ៏គួរឲ្យ ភ័យខ្លាច របស់ពួកខ្មែរក្រហម។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សាលាក្តីខ្មែរក្រហម បានប្រកាសសាលដីកាស្ថាពរ ដោយសម្រេចផ្តន្ទាទោស ជនជាប់ចោទ នួន ជា និង ខៀវ សំផន ដែលជាមេដឹកនាំខ្មែរក្រហម ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ហើយបិទផ្លូវតវ៉ា មិនឱ្យមានការប្តឹងសារទុក្ខ ទៀតនោះឡើយ ចំពោះសំណុំរឿងនេះ។
សូមជំរាបថា កាលពីសីហា ឆ្នាំ២០១៤ ជនជាប់ចោទ នួន ជា និង ខៀវ សំផន ត្រូវបានអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមកាត់ទោស ឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋកម្មប្រឆាំង នឹងមនុស្សជាតិ ដែលបានប្រព្រឹត្តឡើងកាលពីអំឡុងខែមេសា ឆ្នាំ១៩៧៥ ក្នុងអំឡុងពេលជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ និងការផ្លាស់ទីដោយបង្ខំ រួមទាំងការកាប់សម្លាប់អតីតមន្ត្រីរដ្ឋការក្នុងសម័យ លន់ ណុល នៅទួលពោធិ៍ជ្រៃក្នុងខេត្តពោធិ៍សាត់។ ប៉ុន្តែដោយមិនអស់ចិត្ត ជនជាប់ចោទ នួន ជា និងលោក ខៀវ សំផន បានប្តឹងសាទុក្ខ ដើម្បីប្រឆាំងនឹងសាលក្រមនោះ ជាបន្តបន្ទាប់៕