(ភ្នំពេញ)៖ នៅមិនទាន់មានចំណាត់ការអ្វីមួយនៅឡើយទេ បើទោះជាលោកគ្រូ-អ្នកគ្រូ ដែលបង្រៀនក្នុងវិទ្យាល័យ «ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ» បានទទូចហើយទទូចទៀត ដើម្បីស្នើឲ្យរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ចាត់វិធានការបោះឆ្នោតជ្រើសរើសនាយកសាលាថ្មីឡើងវិញ ព្រោះពួកគាត់មិនគាំទ្រ និងមិនពេញចិត្តនឹងនាយកសាលាដែលបានតែងតាំង ក្នុងពេលកន្លងមក។
នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោកគ្រូ-អ្នកគ្រូ ដែលបង្រៀនក្នុងវិទ្យាល័យ «ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ» បានបន្តស្នើសុំអន្តរាគមន៍ពី លោករដ្ឋមន្រ្តី ហង់ ជួន ណារ៉ុន ចំពោះការតែងតាំងនាយកសាលាថ្មី ឲ្យបានឆាប់រហ័ស។ ចំណែកឯ លោកនាយកវិទ្យាល័យថ្មី ដែលបុគ្គលិកបង្រៀនមិនព្រមទទួលយកនោះ មានឈ្មោះ គី លាប នៅជានាយកវិទ្យាល័យស្តីទីនៅឡើយទេ ហើយនាយកសាលាមុនមានឈ្មោះ ង៉ែត សេន ដល់អាយុត្រូវចូលនិវត្តន៍។
តំណាងលោកគ្រូ-អ្នកគ្រូដែលបង្រៀននៅក្នុងវិទ្យាល័យ «ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ» តំណាងឱ្យគ្រូបង្រៀននៅវិទ្យាល័យសរុបទាំងអស់ ជាង៧០នាក់ បានបញ្ជាក់ថា ការដែលពួកគាត់មិនពេញចិត្ត ចំពោះលោកនាយកសាលាថ្មីនេះ ដោយសារជាយូរឆ្នាំមកនេះ លោកមិនដែលកសាងស្នាដៃអ្វី ធ្វើឱ្យសាលាមានការរីកចម្រើន បន្តិចណាឡើយ។
ពួកគាត់បានបន្តថា «កាបោះឆ្នោតជ្រើសរើសនាយកសាលានោះ គឺមិនមានភាពត្រឹមត្រូវឡើយ ដោយបេក្ខភាពដែលទទួលបានសម្លេងគាំទ្រ និងមានគុណសម្បត្តិធំ ត្រូវគេមើលមិនឃើញ បែរជាជ្រើសរើសយកបក្សពួកនិយម ឲ្យឡើងដឹកនាំការងារទៅវិញ»។
ពួកគាត់ចង់បានអ្នកដឹកនាំល្អ យល់ពីសុខទុក្ខ និងការលំបាករបស់បុគ្គលិក ហើយជាងនេះទៅទៀត ពួកគាត់ចង់ឱ្យកូនខ្មែររីកចម្រើនទៅមុខ និងមានការអភិវឌ្ឍបន្ត ដើម្បីប្រកួតប្រជែងក្នុងតំបន់អាស៊ាន ហើយចង់ឃើញពួកគេមានស្នាដៃល្អ ក្នុងសង្គមកម្ពុជា។
អ្នកគ្រូ អ៊ូ ពុធមាលី នាយករងវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ និងជាបេក្ខភាពដែលទទួលបានការគាំទ្រច្រើនជាងគេ បានឱ្យដឹងថា ក្នុងវិទ្យាល័យមានគ្រូបង្រៀនជិត២០០នាក់ ហើយមួយចំនួនធំ មិនទទួលយកនាយកសាលាថ្មី ឈ្មោះ គី លាប នោះឡើយ។
អ្នកគ្រូ អ៊ូ ពុធមាលី បានអះអាងថា «សាលានេះ ដើមឡើយជាអនុវិទ្យាល័យទេ តែក្រោយមកខ្ញុំ និងក្រុមការងារបានស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីដាក់ទៅជាវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ។ ការដែលប្ដូរទៅជាវិទ្យាល័យនេះ ពួកខ្ញុំគ្មានអ្វីតបស្នងសម្តេចទាំងពីរទេ មានតែដាក់ឈ្មោះសម្ដេចតែម្តង»។
បើតាមមតិជាច្រើនរបស់លោកគ្រូ-អ្នកគ្រូ ដែលបង្រៀនក្នុងវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ពួកគាត់មិនគាំទ្រលោកនាយកសាលាស្តីទី នោះឡើយ ដោយបាននាំគ្នាស្នើសុំទៅដល់ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការសើរើ និងបោះឆ្នោតជ្រើសរើសនាយកថ្មីឡើងវិញ ហើយពួកគាត់ម្នាក់ៗសុទ្ធចង់ឲ្យលោកស្រីនាយករង អ៊ូ ពុធមាលី តែម្នាក់ប៉ុណ្ណោះ ដោយសារអ្នកគ្រូមានស្នាដៃ និងបទពិសោធន៍បង្រៀន ហើយដឹកនាំការងារបានយ៉ាងល្អ ក្នុងពេលជាច្រើនឆ្នាំកន្លងមក។
សូមរំលឹកថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកបង្រៀននៃវិទ្យាល័យ «ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ» ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលា ម្ដងរួចមកហើយ ដោយលើកឡើងនូវការរិះគន់ចំៗ និងមិនព្រមទទួលយកនាយកសាលាថ្មី ព្រមទាំងឯកភាពគ្នាស្នើទៅលោករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសនាយកវិទ្យាល័យថ្មីឡើងវិញ៕