(ព្រៃវែង)៖ តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ស សុខា និងលោកស្រី នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួមសម្ភោធទីស្នាក់ការ សហភាពសហព័ន្ធយុវជនខេត្តព្រៃវែង ប្រចាំស្រុកពាមជរ៍ ដើម្បីបង្កើនសកម្មភាពកាន់តែខ្លាំង លើការជួយប្រជាពលរដ្ឋ ព្រមទាំងការងារមនុស្សធម៌ផ្សេងៗ។

នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីលោកឧកញ៉ា ខៀវ ភារិទ្ធិ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង អនុប្រធាន និងមន្រ្តីថ្នាក់ដឹកនាំមួយចំនួនទៀតផងដែរ។

ជាមួយគ្នានេះ នៅក្នុងកម្មវិធីនាព្រឹកមិញនេះ ក៏មានក្រុមសមាជិកគណៈកម្មាធិការ ស.ស.យ.ក.ពវ និងក្រុមប្រឹក្សាស្រុកព្រមទាំងប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមប្រមាណ ៧០០នាក់ផងដែរ។

លោក សែម គន្ធា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង បានឲ្យដឹងថា ក្រៅពីកម្មវិធីសម្ពោធទីស្នាក់ការនោះ លោក ស សុខា និងលោកស្រី ក៏បានរៀបចំអាហារសាមគ្គី រៀបចំការក្រុមតន្រ្តី និងកប្លែងសម្រាប់ផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមផងដែរ។ ថ្នាក់ដឹកនាំក៏នាំយកអំណោយទៅចែកជូន ប្រជាពលរដ្ឋចំនួន៣គ្រួសារ ព្រមទាំងការប្រគល់ផ្ទះជូនប្រជាពលរដ្ឋផងដែរ ដែលជាអំណោយរបស់លោក ស សុខា និងលោកស្រី។

នៅចំពោះមុខក្រុមថ្នាក់ដឹកនាំ និងក្រុមយុវជនទាំងអស់លោក ស សុខា សូមអំពាវនាវ និងជំរុញឲ្យបង្កើនសកម្មភាពការងារកាន់តែខ្លាំងឡើងតាមមូលដ្ឋាន ដើម្បីជួយប្រជាពលរដ្ឋដែលជួបទុក្ខលំបាក និងដោះស្រាយបញ្ហានានាដែលកើតមានឡើងទៅលើប្រជាពលរដ្ឋ។ លោកក៏សូមទទូចឲ្យក្រុមយុវជនទាំងអស់ ត្រូវចេះសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីឲ្យការងារកាន់តែជោគជ័យខ្លាំងឡើង៕