(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ប្រាក់រៀលចាស់ៗចំនួនជាង ៣,៧៦៦លានរៀល ត្រូវបានប្តូរថ្មីជូនប្រជាពលរដ្ឋ ក្នុងយុទ្ធនាការស្រឡាញ់ប្រាក់រៀល ដែលប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ កាលពីថ្ងៃទី២៦ ដល់៣០ ខែកញ្ញា ឆ្នាំ២០១៦។
ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់តាម Facebook ផ្លូវការរបស់ខ្លួនថា ក្រោយពីបានបញ្ចប់ យុទ្ធនាការស្រឡាញ់ប្រាក់រៀល ដែលបានប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ សង្កេតឃើញថា មានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ប្រជាពលរដ្ឋ ក្នុងការប្តូរយកក្រដាសប្រាក់ថ្មី នៅតាមសាខារាជធានី-ខេត្ត។
ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងទៀតថា «ដោយពិនិត្យឃើញពីការលំបាក របស់ប្រជាពលរដ្ឋនៅតាមទីជនបទ ដាច់ស្រយាលក្នុងការធ្វើដំណើរ មកប្តូរក្រដាសប្រាក់ ធនាគារជាតិនៃកម្ពុជា នឹងពិចារណាក្នុងការសហការ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមូលដ្ឋាន ព្រមទាំងប្តេជ្ញាខិតខំប្រឹងប្រែង រៀបចំយុទ្ធនាការស្រលាញ់ ប្រាក់រៀលនេះ ជាបន្តបន្ទាប់ទៀត នៅក្នុងឱកាសពិធីបុណ្យជាតិសំខាន់ៗ នាពេលខាងមុខ ក្នុងគោលបំណងលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀល ឱ្យបានកាន់តែច្រើនជាងមុន»៕