(កំពត)៖ លោក ចាន់ ចេស្តា អភិបាលខេត្តកំពត បានដឹកនាំមន្រ្តីរាជការក្រោមឱវាទ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សិស្សា និស្សិត លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ ដើររើសសំរាមនៅតាមទីកន្លែងសាធារណៈនានា ក្នុងសង្កាត់កំពង់បាយ ក្រុងកំពត ដើម្បីឆ្លើយតបទៅនឹងទិវាអនាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ឆ្នាំឆ្នាំ២០១៦ ដែលរៀបពិធីជួបជុំគ្នានេះ ធ្វើឡើងនៅផ្លូវមាត់ព្រែកកំពង់បាយកំពត ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត នាព្រឹកថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០១៦ ដែលមានមនុស្សចូលរួមប្រមាណ១៧០០នាក់។
លោក ចាន់ ចេស្តា អភិបាលខេត្តកំពត បានថ្លែងថា ពលរដ្ឋត្រូវសហការគ្នា ចេះរក្សា និងសំអាតអនាម័យ នៅលើតាមដងផ្លូវនានា ហើយចាំបាច់បំផុតដែលទាំងអស់គ្នាត្រូវនាំគ្នាធ្វើដោយមិនអាចខានបាន ទាំងនៅក្នុងក្រុង ទីប្រជុំជន ទីសាធារណៈដ៏ទៃ ក៏ដូចជានៅតាមជនបទ និងតាមផ្ទះរបស់ប្រជាពលរដ្ឋនីមួយៗ ផងដែរ។
លោកអភិបាលខេត្ត បន្តទៀតថា «ការអនុវត្តជាប្រចាំនូវអនាម័យបរិស្ថាននេះ វានាំមកនូវសុខភាពល្អសម្រាប់យើងទាំងអស់គ្នាផង និងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកទស្សនាទីរួមខេត្តស្អាតយើងផង ស្របពេលដែលខេត្តកំពតមួយនេះ ជាខេត្តទេសចរណ៍ សម្បូរទៅដោយភ្ញៀវទេសចរជាតិ អន្តរជាតិ ពីមួយថ្ងៃទៅមួយថ្ងៃ មកកម្សាន្ដលេង កាន់តែមានការកើនឡើង»៕