(សេអ៊ូល)៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កូរ៉េខាងត្បូង និងជំនួយការប្រធានាធិបតីមួយរូប បានដាក់លិខិតស្នើសុំលាលែងពីតំណែងកាលពីដើមសប្តាហ៍នេះ នៅក្រោយពេលដែលមេដឹកនាំប្រទេសលោកស្រី ផាក គឺនហេ ត្រូវក្រុមរដ្ឋអាជ្ញាពិសេសរកឃើញថា មានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវនយោបាយ ដែលមានមិត្តភក្តិដ៏ជិតស្និទ្ធបំផុតរបស់ស្រីជាដើមចម។ នេះបើតាមសម្តីអ្នកនាំពាក្យវិមានប្រធានាធិបតីលោក Cheong Wa Dae ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក Kim Hyun-woong រដ្ឋមន្រ្តីកាន់ការក្រសួងយុត្តិធម៌ជាមួយនិងលោក Choi Jai-kyeong លេខាជាន់ខ្ពស់ទទួលបន្ទុកកិច្ចការស៊ីវិលរបស់ប្រធានាធិបតី បានដាក់ពាក្យសុំដកខ្លួន ចេញពីតំណែងព្រមគ្នាបន្ទាប់ពីក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង បានប្រកាសកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា លោកស្រី ផាក គឺនហេ បានផ្សំគំនិតជាមួយមិត្តភក្តិរាប់ទសវត្សរ៍របស់ខ្លួន និងជំនួយការប៉ុន្មានរូបផ្សេងទៀតក្នុងប្រព្រឹត្តបំពានច្បាប់។ ប៉ុន្តែលោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង ពុំទាន់បានសម្រេចចិត្តថា តើគួរតែទទួលយកការលាឈប់របស់មន្រ្តីរដ្ឋាភិបាល ទាំងពីររូបនេះដែរ ឬយ៉ាងណានៅឡើយទេ។
លោក Kim Hyun-woong បានថ្លែងថា «វាគឺជាពេលវេលាដ៏សក្តិសមបំផុត សម្រាប់ឲ្យខ្ញុំលាឈប់ពីតំណែង នៅក្នុងកាលៈទេសៈបែបនេះ» ហើយអ្នកវិភាគមួយចំនួន បាននិយាយថាលោករដ្ឋមន្រ្តីយុត្តិធម៌ ប្រហែលជាបាត់បង់ទំនុកចិត្តនៅក្រោយពេលដែល លទ្ធផលស៊ើបអង្កេតបឋមរបស់ក្រុមរដ្ឋអាជ្ញាបានបង្ហាញថា លោកស្រី ផាក គឺនហេ ជា «ជនសង្ស័យ» នៅក្នុងរឿងអាស្រូវនយោបាយ ដ៏ខ្មៅងងឹតមួយនេះ តែទោះជាយ៉ាងណាក៏ដោយ វិមានប្រធានាធិបតីបានប្រកាន់ជំហរយ៉ាងរឹងមាំ បដិសេធចំពោះលទ្ធិផលនេះ ដោយសម្អាងថាមានភាពលម្អៀង និងលាយឡំទៅដោយភាពមិនច្បាស់លាស់។
គួរបញ្ជាក់ដែរថា ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ បច្ចុប្បន្នកំពុងប្រឈមមុខនឹងការស្រាវជ្រាវយ៉ាងល្អិតល្អន់បំផុត របស់ក្រុមប្រឹក្សាឯករាជ្យទៅលើ រឿងអាស្រូវដ៏ល្អក់ខ្វលនៅក្នុងប្រទេសមានសេដ្ឋកិច្ច ដ៏ជឿនលឿនមួយនេះ ហើយការស៊ើបអង្កេតត្រូវរំពឹងថា នឹងចាប់ផ្តើមនៅខែក្រោយ
ដែលអាចបន្តរហូតដល់ រយៈពេលបួនខែ៕