(ភ្នំពេញ)៖ នៅក្នុងអត្តបទលិខិតមិត្តអ្នកអានមួយចំណងជើងថា៖ «អរគុណលោក ដូណាល់ ត្រាំ, ពេលនេះខ្ញុំដឹងច្បាស់ពី វិទ្យុអាមេរិកាំងនៅស្រុកខ្មែរ !» ដែលទើបចេញផ្សាយនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលកំពុងស្ថិតនៅឯខេត្តសៀមរាប បានលើក ឡើងនៅលើ Facebook របស់ Fresh News ថា៖ សូមអរគុណលោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក ដែលហ៊ាននិយាយ ការពិត ចំពោះអំពើស្មោកគ្រោកនៃបណ្តាញសារព័ត៌មានអាមេរិក ក៏ដូចនៅកម្ពុជាដែរ ដែលតែងតែចូលចិត្ត និងពូកែលាបពណ៌ ពូកែមួលបង្កាច់ ពូកែវាយប្រហារគេ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook របស់ Fresh News យ៉ាងដូច្នេះថា៖
«ខ្ញុំក៏សូមអរគុណចំពោះលោក ដូណាល់ ត្រាំ ដែលហ៊ាននិយាយ ការពិតចំពោះអំពើស្មោកគ្រោកនៃបណ្តាញសារព័ត៌មានអាមេរិក ដែលវាប្រហាក់ប្រហែលគ្នាទាំង អស់ពិសេសពួកនៅតាមបណ្តាប្រទេសនានាៗរាប់ទាំងនៅកម្ពុជាផង។ ពូកែលាបពណ៌ពូកែមួលបង្កាច់ ពូកែវាយប្រហារ។ល។ អីចឹងហើយបានជាមានសង្គ្រាម នៅអ៉ីរ៉ាក់ លីប៊ី ស៊ីរី យ៉េមែន។ល។ មិនឈប់សោះដែលមួយផ្នែកចេញមកពីសាព័ត៌មានអុចអាល។ ឆ្លៀតពេលនេះសុំសួរទៅអ្នកចោទ លោកត្រាំថា ជាជនផ្តាច់ការ តើគិត យ៉ាងណាបើត្រាំ និងក្លាយជាប្រធានាធិបតីអាមេរិក។ ឯលោកម្នាក់ទៀតដែលបាននិយាយថា បើត្រាំ ឈ្នះឆ្នោតគឺជាយុគ្គសម័យ នៃការរះឡើងនៃក្រុមអវិជ្ជា (ពួកល្ងង់) ល្មមចាកចេញពីអាមេរិកមុនពេលលោកត្រាំ ស្បថចូលកាន់ដំណែងដើម្បីកុំឱយពួកអាល្ងង់ត្រួតក្បាលទាន់»។
សូមជំរាបថា នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីខែសីហា នៅរដ្ឋ Ohio លោក ដូណាល់ ត្រាំ បានលើក ឡើងដូច្នេះថា «អ្នកមើល CNN ចុះ! វាគួរតែត្រូវបានហៅថា ជាបណ្ដាញព័ត៌មាន គ្លីនតុន (Clinton News Network) ព្រោះថា ពួកគេចូលចិត្តសរសេរតែពីរឿងល្អៗរបស់ ហ៊ីលឡារី គ្លីនតុន ខណៈ New York Times ក៏ដូចគ្នាដែលជាកាសែតទុច្ចរិតមិនស្មោះត្រង់ ដែលមានភាពលំអៀងពោលគឺថាចូលចិត្តសរសេរអាក្រក់ពីខ្ញុំ ហើយបើទោះជារឿងនោះវិជ្ជមានក៏ដោយ ក៏ពួកគេនៅតែប្រើគ្រប់មធ្យោបាយដើម្បីធ្វើយ៉ាងណា ឱ្យរឿងនោះក្លាយទៅជារឿងអវិជ្ជមានដែរ»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ក៏ធ្លាប់និយាយបែបចំអកផងដែរថា កាសែត New York Times នឹងមិនអាចបន្តការងាររបស់ខ្លួន បានច្រើនជាងពីរឬទៅបីឆ្នាំ ខាងមុខទៀតទេ ត្បិតចំនួនអ្នកអានធ្លាក់ចុះ ហើយនឹងត្រូវក្ស័យធនថែមទៀត៕