(ភ្នំពេញ)៖ គ្រោះថ្នាក់ណាស់ កម្មករសំណង់២នាក់ បានធ្លាក់ពីលើជណ្ដើរយន្ត ខណៈកំពុងតែបូកជញ្ជាំងអគារដែលមានកម្ពស់១០ជាន់ នៃអគារក្រុមហ៊ុនទីហាវសេរ៉ាមិច ខេមបូឌា ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ជាប់ច្រកចូលបុរីប៉េងហួត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
ប្រជាការពារសង្កាត់ស្ទឹងមានជ័យ បានបញ្ជាក់ថា គ្រោះថ្នាក់មួយនេះ បានកើតឡើង ដោយសារតែជនរងគ្រោះទាំង២នាក់ ពេលឡើងតាមជញ្ជាំងយន្តនោះ មិនបានពាក់ខ្សែក្រវាត់ បណ្តាលឲ្យធ្លាក់មកក្រោមតែម្តង។
ប្រជាការពារដដែលរូបនេះបានបន្តទៀតថា ជនរងគ្រោះទី១មានឈ្មោះ ម៉ាប់ រងរបួសបាក់ឆ្អឹងខ្នង និងម្នាក់ទៀតឈ្មោះ ឌី រងបួសធ្ងន់ផងដែរ។
បច្ចុប្បន្នជនរងគ្រោះទាំង២នាក់ខាងលើ ត្រូវគេជួយសង្គ្រោះ និងហៅរថយន្តសង្គ្រោះ ដើម្បីដឹកទៅកាន់មន្ទីរពេទ្យ៕