(ភ្នំពេញ)៖ ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ លោកទេសរដ្ឋមន្ត្រី អៀង ម៉ូលី បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ថវិកាបដិភាគ ដើម្បីទិញឱសថប្រឆាំងនឹង មេរោគអេដស៍ប្រមាណ១,២លានដុល្លារ ក្នុងឆ្នាំ២០១៦ ក្នុងដំណាក់កាលដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ពេលដែលជំនួយបរទេសកំពុងធ្លាក់ចុះ ខណៈដែលក្នុងឆ្នាំ២០១៥ មានប្រមាណ១លានដុល្លារ និងក្នុងឆ្នាំ២០១៧ មានចំនួន១,៥ លានដុល្លារ។
ការថ្លែងបែបនេះ របស់ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ គឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ ពេញអង្គអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០១៦ នាទីស្ដីការគណរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល, លោក Steve Kraus នាយកប្រចាំតំបន់នៃអង្គការ UNAIDS ព្រមទាំងមន្រ្តីនៃអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ជាច្រើននាក់ទៀត។
លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី បានបញ្ជាក់នៅក្នុងកិច្ចប្រជុំបន្ថែមទៀតថា កម្ពុជាបានទទួលជោគជ័យ ដោយសារកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ បានគ្របដណ្ដប់ជាង៨០% នៃក្រុមគោលដៅ។ ក្នុងនោះសមិទ្ធផលដែលទទួលបាន គឺអត្រាប្រេវ៉ាឡង់មេរោគអេដស៍ បានបន្តធ្លាក់ចុះពី២% នៅឆ្នាំ១៩៩៨ មកនៅ០,៦% នៅមុនឆ្នាំ២០១៥ ប្រជាជនជាង៩០% មានការយល់ដឹងអំពី មេរោគអេដស៍ ដែលធ្វើឲ្យពួកគេអាចបង្ការការឆ្លងមេរោគអេដស៍ ដោយជោគជ័យ និងជាង៨០% នៃអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលត្រូវការឱសថប្រឆាំងមេរោគ ទទួលបានឱសថយ៉ាងទៀងទាត់។
លោកទេសរដ្ឋមន្រ្តីបានបន្ថែមថា លទ្ធផលជាបន្តបន្ទាប់ទាំងអស់នេះ លោកបានលើកឡើងប្រាប់នៅក្នុងមហាសន្និបាត ដែលបានធ្វើឡើង នាទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ ក្នុងនោះមហាសន្និបាត បានអនុម័ត លើសេចក្ដីថ្លែងការណ៍ នយោបាយស្ដីពីមេរោគអេដស៍ និងជំងឺអេដស៍ «ការបង្កើនល្បឿនវឌ្ឍភាព ដើម្បីសម្រេច ក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ និងឈានដល់ការលុបបំបាត់ការរាលដាល មេរោគអេដស៍នៅមុនឆ្នាំ២០៣០»។ ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជា នឹងបង្កើននូវកិច្ចប្រឹងប្រែងទ្វេដង ព្រមទាំងការប្ដេជ្ញាចិត្ត រួមសហការជាមួយប្រទេសនានា ដើម្បីឈានដល់ការលុបបំបាត់ ការឆ្លងរាលដាល មុនឆ្នាំ២០៣០ នៅក្រោមការដឹកនាំ របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិ។
ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើកិច្ចការងារជាច្រើន ក្នុងរយៈពេលជិតកន្លះឆ្នាំមកនេះ (ឆ្នាំ២០១៦) ជាពិសេសការចាប់ផ្ដើមបំពេញតួនាទី ក្នុងភាពជាម្ចាស់ផ្ទះ ក្នុងការងារអេដស៍។ ក្នុងនោះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំសិក្ខាសាលា និងយុទ្ធនាការបញ្ជ្រាបការយល់ដឹង អំពីមេរោគអេដស៍ និងជំងឺអេដស៍ ដល់សិល្បករ-សិល្បការិនី អ្នកសារព័ត៌មាន យុវវ័យ និងសាធារណជន ក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលទើបបានបញ្ចប់ទៅ នាពេលថ្មីៗនេះ ដែលយើងទាំងអស់គ្នា ប្ដេជ្ញារួបរួមគ្នាបញ្ចប់នូវ ការឆ្លងរីករាលដាលជំងឺ ដ៏កាចសាហាវមួយនេះ៕