(ភ្នំពេញ)៖ ក្រុមក្មេងទំនើងជាង២០នាក់ ប្រដាប់ដោយដាវសាំម៉ូរៃ និងដំបងលើកគ្នាមកព្រួតវាយ យុវជនម្នាក់ដល់កន្លែងធ្វើការឃ្លាំងអង្ករ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានចំនួន១២នាក់ ដកហូតបានម៉ូតូ៣គ្រឿងនិងដាវដំបង២ដើម បង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចឃ្លាំងអង្ករមួយកន្លែង ស្ថិតក្នុងភូមិព្នៅ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះឈ្មោះ រុន រដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ ជាកម្មករធ្វើការនៅក្នុងឃ្លាំងអង្ករ មានទីលំនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល រីឯចំណែកក្រុមក្មេងទំនើងមកវាយជនរងគ្រោះទាំង១២នាក់នោះរួមមាន៖១-ឈ្មោះ ពៅ វណ្ណៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់, ២-ឈ្មោះ ឱម មិណៃ ភេទប្រុស អាយ១៨ឆ្នាំ, ៣-ឈ្មោះ នាវ ម៉ី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករសំណង់, ៤-ឈ្មោះខេន ម៉ៅ ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៧ វិទ្យាល័យជាស៊ីមឈូកវ៉ា, ៥-ឈ្មោះ ម៉ៅ រាវី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសន្តិសុខឯកជន, ៦-ឈ្មោះ ណាក់ ឆៃយ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងម៉ូតូ, ៧-ឈ្មោះ ឃុន បូរិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករឃ្លាំងក្រណាត់ ក្បែរសាលាកូរ៉េ, ៨-ឈ្មោះ វ៉ន សាវ័ន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់, ៩-ឈ្មោះ នង រិទ្ធីយ៉ា ភេទប្រុស អាយុ១៨ឆ្នាំ, ១០-ឈ្មោះ នួន ឧត្តុង ភេទប្រុស អាយុ១៦ឆ្នាំ, ១១-ឈ្មោះ វ៉ន វាត់ ភេទប្រុស អាយុ១៨ឆ្នាំ យុវជនបង្កទាំង១១នាក់នេះមានទីលំនៅ ភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ និង ១២-ឈ្មោះ ហយ ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករគ្រឿងសង្ហារឹម ជិតស្តុបមេភ្លើង ស្នាក់នៅផ្ទះជួលក្បែរវត្តតាំងកសាង។
ក្រោយចាប់ខ្លួនកម្លាំងនគបាល បានដកហូតបានវត្ថុតាំងដូចជា៖ ដាវសាមូរ៉ៃ១ដើម, ដំបងមានដែកគោល១ដើម, ខ្សែក្រវ៉ាត់១ និងម៉ូតូ៣គ្រឿង ១-ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ក ៦៤២៦ កណ១, ២-ម៉ាក ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ 1Q-4723 និង ៣-ម៉ាក ហ្វូសាល់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CO-5968។
តាមចម្លើយជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគេកំពុងធ្វើការជាមួយជនបង្ក ដោយជនបង្កជាអ្នកច្រកអង្ករ ចំណែករូបគេជាអ្នកលើកបាវអង្ករតម្រៀបទុក ខណៈពេលកំពុងធ្វើការជាមួយគ្នានោះ ជនរងគ្រោះបានឈរចុចទូរស័ព្ទ ស្រាប់តែជនបង្កឃើញបានបោះពាក្យសំដីថា ស្អីហា ម៉ោងធ្វើការមិនគិតធ្វើទេ គិតតែពីលេងទូរស័ព្ទ។ ពេលដែលជនបង្កនិយាយនោះ រូបគេមិនបានតបតជាមួយទេ ហើយនៅតែចុចទូរស័ព្ទបន្តទៀត ស្រាប់តែមិនដឹងយ៉ាងម៉េច ជនបង្កបានដើរទៅក្រៅមួយសន្ទុះ ហើយក៏ដើរចូលមកវិញធ្វើការធម្មតាគ្រាន់តែនិយាយថា ហ្អែងចាំមើល។
បន្តិចក្រោយមកក៏ផ្អើលថា មានស្ទាវប្រហែលជា២០នាក់ប្រដាប់ដោយដាវ ដំបង សម្រុកចូលឃ្លាំងអង្ករ តែត្រូវសមត្ថកិច្ចឃាត់បានហើយ។ ក្នុងពេលនោះដែរ ជនបង្កក៏បានបន្លំខ្លួនគេចបាត់ស្រមោលបាត់៕